(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសតែងតាំង អ្នកសង្គមវិទូសិង្ហបុរី លោកស្រី ណូអេលីន ហេយហ្សឺ (Noeleen Heyzer) ជាប្រេសិតពិសេសថ្មីនៃ UN ទទួលបន្ទុកកិច្ចការនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។
លោកស្រី Noeleen Heyzer អាយុ ៧៣ឆ្នាំ បានធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើននៅ UN ជាពិសេសនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១៤ ដែលលោកស្រីបានបម្រើការជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយនៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥ លោកស្រីបានបម្រើការជាទីប្រឹក្សាពិសេស ប្រចាំប្រទេសទីម័រខាងកើត (East Timor) ផងដែរ។
ជាផ្នែកមួយនៃភារកិច្ចរបស់លោកស្រីនៅគណៈកម្មការសេដ្ឋកិច្ច និងសង្គម លោកស្រី Noeleen Heyzer បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន (ASEAN) ក៏ដូចជាជាមួយអាជ្ញាធរមីយ៉ាន់ម៉ា លើការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រផងដែរ។
គួរបញ្ជាក់ថា លោកស្រី Noeleen Heyzer នឹងឡើងកាន់តំណែងនេះជំនួសលោកស្រី គ្រីស្ទីន ស្រ្កាណឺ ប៊ឺជែណឺ (Christine Schraner Burgener) ដែលកំពុងរៀបចំចាកចេញពីតំណែង បន្ទាប់ពីបានបម្រើការអស់រយៈពេល ៣ឆ្នាំកន្លះមកនេះ។ មុនចាកចេញពីតំណែង លោកស្រី Christine Schraner បានផ្តែផ្តាំថា ការទទួលស្គាល់់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងមិនអាចបញ្ឈប់អំពើហិង្សានោះឡើយ ដោយវានឹងរុញច្រានប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅរកអស្ថិរភាពកាន់តែខ្លាំង និងចុងបញ្ចប់អាចក្លាយជារដ្ឋដួលរលំ៕