(មូស្គូ)៖ ប្រទេសរុស្ស៊ីបានរាយការណ៍ពីចំនួនករណីឆ្លងកូវីដ១៩ ខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីមានការឆ្លងរាលដាលជំងឺនេះមក ខណៈដែលតំបន់មួយចំនួនបានសម្រេចបិទកន្លែងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លង និងស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។
ប្រឈមមុខនឹងអត្រាអ្នកឆ្លងថ្មីកាន់តែអាក្រក់ និងមានការខកចិត្តចំពោះភាពយឺតយ៉ាវ នៃការចាក់វ៉ាក់សាំង Sputnik V អាជ្ញាធរកំពុងដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនបានប្រកាសថា ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នឹងទទួលបានប្រាក់ឈ្នួលដោយមិនធ្វើការ ប៉ុន្តែបាននិយាយថា គ្រប់តំបន់ទាំងអស់អាចអនុវត្តិក្នុងរយៈពេលនេះ ឬចាប់ផ្តើមវាមុននេះ អាស្រ័យលើស្ថានភាពជំងឺរាតត្បាត។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា តំបន់ចំនួនប្រាំមួយក្នុងនោះរួមមានទាំងតំបន់ Samara និងតំបន់ Perm ភាគខាងកើតទីក្រុងមូស្គូ បានចាប់ផ្តើមថ្ងៃមិនធ្វើការរបស់ពួកគេនៅថ្ងៃចន្ទ ទី២៥ ខែតុលានេះហើយ៕