(វ៉ាស៊ីនតោន)៖ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ឱ្យពិភពលោកមានសន្តិភាព, ហេតុអ្វីនៅតែបន្តធ្វើទំនើបកម្មយោធាឱ្យកាន់តែទំនើប? ចម្លើយដ៏ជាក់ស្ដែងមួយនៃសំណួរនេះ នោះគឺដើម្បីការពារខ្លួនឯង, ផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្ត ឆ្លើយតបទៅនឹងការគំរាមកំហែង ឬការវាយប្រហារណាមួយពីសត្រូវ។ ក៏ប៉ុន្តែ វាមានហេតុផលមួយផ្សេងទៀត ដែលតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវតែរក្សាឱ្យបាននូវសមត្ថភាព និងយោធាដ៏ទំនើបល្អផ្ដាច់គេ ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង។
ក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថាមធ្យោបាយដ៏មានប្រសិទ្ធភាពរារាំងមិនឱ្យសង្រ្គាមផ្ទុះឡើង គឺត្រូវធ្វើតាមយុទ្ធសាស្ត្រមួយដែលគេតែងតែហៅថា «យុទ្ធសាស្ត្រកំញើញ ឬបំបាក់ទឹកចិត្តសត្រូវ»។ ដើម្បីឱ្យយុទ្ធសាស្ត្រនេះមានប្រសិទ្ធភាព, គេត្រូវធ្វើឱ្យសត្រូវ ឬអ្នកឈ្លានពានសន្មត់ថា ពួកគេមិនមានសមត្ថភាពអាចសម្រេចបានគោលដៅរបស់ពួកគេ តាមរយៈការប្រើប្រាស់កម្លាំងយោធាឡើយ ដោយសារតែការងើបឡើងតស៊ូប្រឆាំងដែលពួកគេត្រូវប្រឈមមុខ និងការខាតបង់ធ្ងន់ធ្ងរ។
នៅក្នុងន័យនេះ, គេអាចយកភាពតានតឹងរវាងកោះតៃវ៉ា និងសាធារណរដ្ឋប្រជាមានិតចិន ឬចិនដីគោកមកធ្វើជាឧទាហរណ៍បាន។ ចិនដីគោកបានចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ១៩៧៩មក, នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សហរដ្ឋអាមេរិកបានសន្យាជួយពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ ហើយការធ្វើបែបនេះ មានគោលបំណងឱ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯង។ សហរដ្ឋអាមេរិកមិនបានសន្យា ឬធានាឱ្យច្បាស់ៗថានឹងធ្វើអន្តរាគមន៍យោធាចូលជួយកោះតៃវ៉ាន់ តែទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រើកម្លាំងយោធាការពារកោះតៃវ៉ាន់ពីការវាយប្រហាររបស់ចិនចំនួន៣លើករួចមកហើយ នៅក្នុងសង្រ្គាមដែលគេស្គាល់ជាទូទៅថា «វិបត្តិច្រកសមុទ្រតៃវ៉ាន់» នៅឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៥, នៅឆ្នាំ១៩៥៨ និងចុងក្រោយពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។
ប៉ុន្តែសព្វថ្ងៃ តុល្យភាពយោធារវាងសហរដ្ឋអាមេរិក និងចិនក៏បានផ្លាស់ប្ដូរទៅហើយដែរ ដោយកងទ័ពរំដោះប្រជាជនចិន ឬហៅកាត់ថា PLA បានសំងំអភិវឌ្ឍសមត្ថភាពយោធា ជាមួយការបង្កើនកញ្ចប់ថវិកាយោធាដល់ទៅ ៨០០ភាគរយ គិតចាប់តាំងពីពាក់កណ្ដាលទសវត្សរឆ្នាំ១៩៩០មក។ ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិនធ្លាប់បានបង្ហើបជាសាធារណៈ នូវផែនការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ឱ្យបានមុនឆ្នាំ២០៤៩ ពោលគឺចំថ្ងៃខួប១០០ឆ្នាំនៃជ័យជម្នះរបស់កងទ័ពលោក ម៉ៅ សេទុង លើកងទ័ពរបស់អតីតមេដឹកនាំតៃវ៉ាន់ លោក ចាង កៃ ចៀក ដែលបានដឹកនាំកងទ័ព និងជនភៀសខ្លួនរត់ទៅឈរជើងលើកោះតៃវ៉ាន់ នៅចុងបញ្ចប់នៃសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩។
នៅពេលចិនបានធ្វើឱ្យទីក្រុងហុងកុង ត្រឡប់មកស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ខ្លួនវិញ, មានមនុស្សម្នាជាច្រើននាំគ្នាព្រួយបារម្ភថាកងទ័ពរំដោះប្រជាជនចិនអាចនឹងពន្លឿន ផែនការយោធាវាយយកកោះតៃវ៉ាន់។ សង្គមតៃវ៉ាន់ និងចិន មានលក្ខណៈស្ទើរតែខុសគ្នាទាំងស្រុង ទោះបីជាពួកគេភាគច្រើនមានឈាមជ័រជាជនជាតិ «ហាន» ដូចគ្នាក៏ដោយ ហើយរឿងដែលសំខាន់ គឺប្រជាជនតៃវ៉ាន់មិនចង់រស់នៅក្រោមរបបដឹកនាំរបស់ចិនកម្មុយនិស្ដ រីឯអ្នកដែលដឹងរឿងនេះច្បាស់ជាងគេមានតែប្រធានាធិបតីចិន លោក ស៊ី ជិនពីង តែម្នាក់គត់។ លោក ស៊ី ជិនពីងប្រហែលជាបានធ្វើការសន្និដ្ឋានមួយនៅក្នុងចិត្តរួចទៅហើយថាបើចង់សម្រេចឱ្យបានទាំងស្រុងនូវការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់មានតែត្រូវប្រើ ជម្រើសតែមានគត់ នោះគឺ «កម្លាំងយោធា»។
តើចិនពិតជានឹងប្រើកម្លាំងយោធា ឬក៏ពួកគេយល់ថាអាចបង្ខំឱ្យប្រជាជនតៃវ៉ាន់ចុះញ៉មដោយកម្លាំងបាយដែរ ឬក៏យ៉ាងណា? ពិតមែនទៅ, កុំអាលនិយាយពីរឿងឈ្នះចាញ់ ទោះជា សហរដ្ឋអាមេរិកមិនលូកដៃចូលជួយកោះតៃវ៉ាន់, ក៏តៃវ៉ាន់អាចផ្ដល់ការខាតបង់ធ្ងន់ធ្ងរដល់ចិនវិញផងដែរ ឬអាចរហូតធ្វើឱ្យថ្នាក់ដឹកនាំចិនគិតថាការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ អាចនឹងទទួលរងបរាជ័យក៏ថាបាន។ បើគិតទៅលើទីតាំងភូមិសាស្ត្រ តំបន់ច្រកសមុទ្រតៃវ៉ាន់ស្ថិតនៅចម្ងាយជាង ១៧៧គីឡូម៉ែត្រតែប៉ុណ្ណោះពីចិន ហើយតៃវ៉ាន់ខ្លួនឯងជាដែនកោះ មួយដែលសម្បូរទៅដោយភ្នំ និងមានទំហំធំជាងរដ្ឋ Maryland របស់សហរដ្ឋអាមេរិកបន្ដិចបន្តួច។ លក្ខខណ្ឌទីតាំងភូមិសាស្ត្របែបនេះមានលក្ខណៈស្មុគស្មាញ ដោយភ្នំបានគ្រប ដណ្ដប់ ២ភាគ៣ នៃតំបន់ភាគខាងកើតកោះតៃវ៉ាន់ ហើយប្រជាជនភាគច្រើនរបស់តៃវ៉ាន់ ប្រមូលផ្ដុំគ្នារស់នៅតាមទីក្រុងស្ថិតនៅតាមបណ្ដោយតំបន់ដីទំនាបភាគខាងលិច នៅចន្លោះ តំបន់ច្រកសមុទ្រទឹករាក់ និងសម្បូររលកសមុទ្រធំៗ ហើយដែលទីតាំងភូមិសាស្ត្របែបនេះមិនអំណោយផលដល់ការបញ្ជូនកងទ័ពចូលទៅកាន់កោះតៃវ៉ាន់នោះទេ។
ដើម្បីវាយយកកោះតៃវ៉ាន់ដោយជោគជ័យ, ប្រតិបត្តិការយោធាត្រូវតែធ្វើឡើងតាមផ្លូវអាកាស ឬសមុទ្រ នេះហើយគឺជាហេតុផលមួយដែលតៃវ៉ាន់ បាន និងកំពុងជះលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ពង្រឹងសមត្ថភាពប្រព័ន្ធខែលការពារមីស៊ីល និងមីស៊ីលប្រឆាំងនាវាចម្បាំងរយៈចម្ងាយខ្លី សំដៅរារាំង ឬក៏បង្កឧបសគ្គដល់ប្រតិបត្តិការយោធារបស់ចិន។ បច្ចុប្បន្ន តៃវ៉ាន់នៅតែបន្តពង្រឹងសមត្ថភាពយោធា និងធ្វើសមយុទ្ធយោធាជាសារមួយបញ្ចុះបញ្ចូលឱ្យចិនជឿថាការប្រើប្រាស់កម្លាំងយោធានឹងមិនទទួលបានជោគជ័យឡើយដែលនេះគឺស្រប ទៅនឹង «យុទ្ធសាស្ត្រកំញើញ»។ ចិនមិនគួរធ្វើការសន្និដ្ឋានភ្លាមៗថាសមត្ថភាពយោធារបស់ខ្លួនអាចនឹងកំញើញមិនឱ្យអាមេរិកចូលជួយកោះតៃវ៉ាន់នោះទេ។
កាលពីឆ្នាំ១៩៤១, ជប៉ុនបានធ្វើការសន្និដ្ឋានថាក្រោយការវាយប្រហារកម្ទេចមូលដ្ឋានទ័ព Pearl Harbor សហរដ្ឋអាមេរិកនឹងយល់ព្រមចូលតុចរចាជាជាងធ្វើសង្រ្គាមប្រឆាំងជប៉ុន វិញ។ នៅឆ្នាំ១៩៥០, កូរ៉េខាងជើងបានសន្មត់ថាសហរដ្ឋអាមេរិកនឹងមិនលូកដៃចូលជួយទេ ប្រសិនបើខ្លួនឈានពានកូរ៉េខាងត្បូង តែនៅចុងបញ្ចប់សង្រ្គាមទាំងនេះបានអូសឱ្យ អាមេរិកលូកដៃពេញទំហឹង។ ប្រទេស ឬដែនដីតូច ឬក៏ធំមិនមែនជាបញ្ហាទេ តែអ្វីដែលសំខាន់ គឺសមត្ថភាពយោធាដែលធ្វើឱ្យសត្រូវខាងក្រៅមិនហ៊ានប្រថុយធ្វើសង្រ្គាមឈ្លានពាន ហើយនេះអាចជាចម្លើយចំពោះសំណួរដែលសួរថាតើហេតុអ្វីត្រូវតែពង្រឹងសមត្ថភាពយោធាឱ្យខ្លាំង និងទំនើប ប្រសិនបើមិនចង់ឱ្យសង្រ្គាមផ្ទុះឡើង៕
ប្រភព៖ លោក H. R. McMaster, អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក (ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១)