(ទ្រីប៉ូលី)៖ បេសកជនអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានសម្តែងការកោតសរសើរចំពោះ សមិទ្ធផលដែលសម្រេចបាន ដោយគណៈកម្មការយោធាចម្រុះ៥+៥ (JMC) របស់លីប៊ី គិតចាប់តាំងពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបទឈប់បាញ់គ្រប់ជ្រុងជ្រោយ នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស កាលពីមួយឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

លោក Jan Kubis បេសកជនពិសេសរបស់ប្រមុខដឹកនាំ UN និងជាប្រធានបេសកកម្មគាំទ្ររបស់ UN នៅលីប៊ី បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងបទឈប់បាញ់គ្រប់ជ្រុងជ្រោយ បានជួយត្រួសត្រាយផ្លូវសម្រាប់ នីតិវិធីនយោបាយគ្រប់ជ្រុងជ្រោយ ដែលដឹកនាំដោយ និងជាកម្មសិទ្ធិផ្ទាល់របស់ប្រទេសលីប៊ី ក្នុងការសំដៅឆ្ពោះទៅសម្រេចបាន ស្ថិរភាព សាមគ្គីភាព វិបុលភាព និងអធិបតេយ្យភាពពេញលេញរបស់ប្រទេសលីប៊ី»

លោកបេសកជន UN បានបន្ថែមថា កាលពីដើមខែតុលានេះ JMC ក៏ទើបតែសម្រេចបានគោលដៅសំខាន់មួយទៀតផងដែរ តាមរយៈការចុះហត្ថលេខាលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ សម្រាប់ការដកវត្តមានទាហានស៉ីឈ្នួល អ្នកប្រយុទ្ធបរទេស និងកងកម្លាំងបរទេសទាំងអស់ ចេញពីក្នុងទឹកដីលីប៊ី។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធធ្ងន់ធ្ងរមួយ បានផ្ទុះឡើងនៅលីប៊ី កាលពីខែមេសា ឆ្នាំ២០១៩ រវាងយោធាដែលមានមូលដ្ឋាននៅភាគខាងកើត និងរដ្ឋាភិបាលលីប៊ីនៅទីក្រុងទ្រីប៉ូលី ហើយជម្លោះនោះបានអូសបន្លាយដល់ទៅជាង១មួយឆ្នាំ មុនពេលគណៈកម្មការ JMC ត្រូវបានបង្កើតឡើង ដោយមានសមាជិកយោធា១០នាក់ មកពីភាគីទាំងពីរ (ម្ខាង៥នាក់) ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅទីក្រុងហ្សឺណែវ នៅខែតុលា ឆ្នាំ២០២០៕