(ហុងកុង)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ខ្លួននឹងបិទការិយាល័យចោលទាំងអស់ នៅហុងកុង ដោយសារការគំរាមកំហែងចំពោះបុគ្គលិក ដែលបង្កឡើងពីច្បាប់សន្តិសុខជាតិថ្មី របស់ទីក្រុងស្វយ័តចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង កាលពីឆ្នាំ២០២០ ដើម្បីឆ្លើយតបចំពោះការធ្វើបាតុកម្មទ្រង់ទ្រាយធំយ៉ាងកក្រើក ដែលត្រូវបានគេមើលឃើញថា មានការគាំទ្រពីបរទេស។ ប្រធានក្រុមប្រឹក្សាភិបាលអន្តរជាតិ របស់អង្គការលើកលែងទោសអន្តរជាតិ លោកស្រី អានជូឡា មីយ៉ា ស៊ីង ប៊ែស ( Anjhula Mya Singh Bais) បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាមួយការសោកស្តាយបំផុត ហើយវាត្រូវបានជំរុញដោយច្បាប់សន្តិសុខជាតិថ្មីនៅហុងកុង។ ការសម្រេចចិត្តខាងលើនេះ គឺជាការបិទបញ្ចប់វត្តមានរយៈពេលជាង ៤ទសវត្សរ៍ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ នៅទីក្រុងហុងកុង។

គួរបញ្ជាក់ថា អង្គការលើកលែងទោសអន្តរជាតិ មានការិយាល័យចំនួន ២ នៅហុងកុង។ ការិយាល័យទីមួយ ជាសាខាប្រចាំនៅហុងកុងផ្ទាល់ ដែលផ្តោតលើបញ្ហាសិទ្ធិមនុស្ស និងយុទ្ធនាការរបស់ខ្លួននៅក្នុងទីក្រុងនេះ។ ចំណែកការិយាល័យមួយទៀត ដើរតួជាទីស្នាក់ការប្រចាំតំបន់ ដែលទទួលបន្ទុកលើកិច្ចការស្រាវជ្រាវ និងការងារសិទ្ធិមនុស្ស នៅទូទាំងតំបន់អាស៉ីខាងកើត អាស៉ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក។ ការិយាល័យដែលជាសាខាប្រចាំហុងកុង នឹងត្រូវបិទនៅត្រឹមថ្ងៃទី៣១ ខែតុលានេះ ខណៈការិយាល័យប្រចាំតំបន់ នឹងត្រូវរើចេញមុនចូលដល់ឆ្នាំ២០២២៕