Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅកាតា ដើម្បីជួបពិភាក្សាជាមួយក្រុមតាលីបង់

25-10-2021 16:23

(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងជួបជាមួយគណៈប្រតិភូនៃក្រុមតាលីបង់ ដែជាតំណាងរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថាន ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកាតា (Qatar) នៅថ្ងៃទី២៥-២៦ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រធានបទនៃការព្រួយបារម្ភជារួម។

លោក Wang Wenbin បានបញ្ជាក់បន្ថែមថា «ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមិត្តភាពប្រពៃណីរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសចិនតែងតែគាំទ្រលើកិច្ចសន្ទនា និងទំនាក់ទំនង ដើម្បីដឹកនាំការអភិវឌ្ឍជាវិជ្ជមាន នៃស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន»។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថានមុនបានដួលរលំ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដកទ័ពចេញពីប្រទេសនេះ ដែលនាំឱ្យក្រុមតាលីបង់ឡើងកាន់អំណាចបាន នៅក្នុងការវាយលុកដ៏ឆាប់រហ័សមួយ។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានសន្យាផ្តល់ជំនួយដល់ប្រទេសជិតខាងមួយនេះ ស្របនឹងការទទូចឱ្យក្រុមតាលីបង់ បង្ក្រាបចលនាភេរវកម្មគ្រប់ទម្រង់៕