(ប៉េកាំង)៖ មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃអាទិត្យនេះថា ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ចុងក្រោយបង្អស់របស់ប្រទេសចិន ទំនងជានឹងរីករាលដាលបន្ថែមទៀត ខណៈអាជ្ញាធរបានជំរុញឱ្យគ្រប់តំបន់ទាំងអស់បង្កើនការត្រួតពិនិត្យ និងអំពាវនាវឱ្យកាត់បន្ថយការធ្វើដំណើរឆ្លងកាត់ខេត្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

ករណីឆ្លងក្នុងស្រុកច្រើនជាង១០០ករណីត្រូវបានបញ្ជាក់ក្នុងសប្តាហ៍ចុងក្រោយនេះនៅទូទាំងខេត្តចំនួន១១ ដែលភាគច្រើនមានទំនាក់ទំនងជាមួយក្រុមទេសចរណ៍ចំនួន១៣ផ្សេងគ្នា។

អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិចិនលោក Mi Feng បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មានហានិភ័យខ្ពស់ចំពោះការផ្ទុះឆ្លងនេះ ដែលអាចរីករាលដាលបន្ថែមទៀតដោយមានជំនួយពី «កត្តារដូវ»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នា២០២១កន្លងទៅនេះ អាជ្ញាធរតាមតំបន់មួយចំនួននៅក្នុងប្រទេសចិន បានសម្រេចលុបចោលជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញឲ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងការផ្ទុះករណីឆ្លង COVID-19 ថ្មីៗ ដែលជាប់ពាក់ព័ន្ធនឹងអ្នកទេសចរមួយក្រុម៕