(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះថា ប្រជាជនជាង ១.០៦ពាន់លាននាក់នៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។

លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិបាននិយាយថា ចំនួនវ៉ាក់សាំងសរុបដែលបានចាក់នៅទូទាំងប្រទេសចិនកើនដល់២.២៤៤ពាន់លានដូស។

ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។

គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕