(ណៃពិដោ)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបង្ហាញការសន្យាថា នឹងខិតខំផ្តល់កិច្ចសហការតាមតែអាចធ្វើទៅបាន ចំពោះផែនការសន្តិភាព ដែលបានព្រមព្រៀងគ្នាជាមួយអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសមួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របបយោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនប្រកាន់ខ្ជាប់នូវ គោលការណ៍រួមរស់ដោយសុខសាន្ត ជាមួយប្រទេសដទៃទៀត ហើយនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងការអនុវត្តផែនការសន្តិភាព៥ចំណុច ដែលត្រូវបានព្រមព្រៀងគ្នា កាលពីខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចមិនអញ្ជើញ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) ឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ាន ដែលត្រូវរៀបចំឡើងក្នុងខែតុលានេះឡើយ ដោយសារតែបរាជ័យ ក្នុងការអនុវត្តតាមផែនការសន្តិភាពខាងលើ ដែលរួមមានគោលដៅដូចជា បញ្ចប់អំពើហិង្សា, ចាប់ផ្តើមកិច្ចសន្ទនា, បើកទ្វារចំណោះជំនួយមនុស្សធម៌ និងផ្តល់សិទ្ធិបំពេញទស្សនកិច្ចដោយពេញលេញ ដល់បេសកជនពិសេសអាស៊ាន។

គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ ដែលផ្អែកលើប្រភពពីក្រុមសកម្មជន ជនស៉ីវិលជាង១,០០០នាក់ ត្រូវបានសម្លាប់ ក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ យោធាមីយ៉ាន់ម៉ានៅតែប្រកាន់ជំហរថា ខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់នៅមីយ៉ាន់ម៉ា ហើយការឡើងគ្រប់គ្រងប្រទេសនាពេលនោះ មិនមែនជារដ្ឋប្រហារទេ ប៉ុន្តែជាការធ្វើអន្តរាគមន៍ដែលចាំច្បាប់និងស្របច្បាប់ ប្រឆាំងការគំរាមកំហែងចំពោះអធិបតេយ្យភាព បង្កឡើងដោយគណបក្សលោកស្រី អោង សាន ស៊ូ ជី ដែលត្រូវយោធាចោទថា ឈ្នះការឆ្នោតដោយបន្លំ កាលពីឆ្នាំ២០២០៕