(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូន ដើម្បីផ្តាច់ជីវិតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករអាល់ដៃកា គឺលោក អាប់ឌុល ហាមីដ អាល់-ម៉ាថា (Abdul Hamid al-Matar) នៅក្នុងទឹកដីប្រទេសស៊ីរីប្រកបដោយជោគជ័យ។

២៖ គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះបានអំពាវនាវឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំង នឹងការធ្វើរដ្ឋប្រហារ ខណៈលោក មីន អោង ហ្លេង កំពុងរងសម្ពាធឱ្យបិទបញ្ចប់ភាពចលាចលដ៏បង្ហូរឈាមក្នុងរយៈពេលជិត ៩ខែមកនេះ។

៣៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពឆ្ពោះទៅរកគ្រោះមហន្តរាយ ដោយមិនអាចត្រឡប់បកក្រោយវិញបាន ជាមួយការគូសបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ចុងខែតុលានេះ។

៤៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថា វានឹងធ្វើឱ្យភាពតានតឹងផ្នែកយោធា កាន់តែមានសភាពអាក្រក់ឡើង។

៥៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងចក្រភពអង់គ្លេស បាននិយាយថាវីរុស COVID-19 បំប្លែងខ្លួនថ្មី Delta Plus អាចមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាង វីរុសបំប្លែងខ្លួនថ្មី Delta ធម្មតា។

៦៖ នាវាចម្បាំងរុស្ស៊ី និងចិនជាច្រើនគ្រឿងបានចូលរួមក្នុងការធ្វើប្រតិបត្តិការល្បាតរួមគ្នាមួយ នៅឯតំបន់ប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលានេះ៕