(វ៉ាស៉ីនតោន)៖ ការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយទស្សនាវដ្ដី Scientific Reports បានឱ្យដឹងថាអត្រានៃអំពើហិង្សាដោយ កាំភ្លើងនៅសហរដ្ឋអាមេរិក បានកើនឡើងជិតមួយភាគបី គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាត COVID-19 កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញអំពើហិង្សាដោយកាំភ្លើងនៅជុំវិញសហរដ្ឋអាមេរិកចំនួន ៥១,០០០ករណីនៅក្នុងរយៈពេល ១៣ខែ នៃជំងឺឆ្លងរាតត្បាត COVID-19 គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលកើនឡើងពីជិត ៣៩,០០០ករណី បើប្រៀបទៅនឹងកាលពីរយៈពេល ១៣ខែមុន។

ភាពតានតឹងផ្នែកចិត្តសាស្រ្ត និងសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺឆ្លងរាតត្បាត COVID-19 រួមជាមួយការកើនឡើងនៃការលក់អាវុធ បានបង្កឱ្យមានការកើនឡើង នូវអំពើហិង្សាដោយកាំភ្លើងនៅជុំវិញសហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យក្រុមមន្រ្តីត្រូវយល់ដឹងអំពីភាពតានតឹងផ្នែកសង្គម និងសេដ្ឋកិច្ចដោយអចេតនានៃ វិធានការឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដូចជាការឱ្យស្នាក់នៅក្នុងផ្ទះ និងការរក្សាគម្លាតសង្គម៕