(ប៉េកាំង)៖ ថ្ងៃទី២១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងថា ដោយបានមួលបង្កាច់ថា «សិទិ្ធមនុស្ស និងសេរីភាពនៅហុងកុង ត្រូវបំផ្លាញជាបន្តបន្ទាប់» ក្នុងន័យរិះគន់ច្បាប់សន្តិសុខជាតិនៅហុងកុង ព្រមទាំងលើកឡើង «ការទាមទារ» មិនសមហេតុផលដែលចង់ឱ្យប្រទេសចិន ដោះលែងពួកឧទ្ទាមដែលប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង។ ពាក្យសំដីច្រំដែល និងខុសទំនងទាំងនេះពោរពេញទៅដោយពាក្យភូតកុហុក និងភាពលាក់ពុត ក្រៅពីបង្ហាញពីអាកប្បកិរិយាលាក់ពុត គ្មានប្រសិទ្ធភាពអ្វីសោះឡើយ ហើយក៏មិនអាចបោកបញ្ឆោតមនុស្សណាមួយផងដែរ គ្រាន់តែនឹងលាតត្រដាងកាន់តែច្បាស់នូវទង្វើអនុវត្ត «ស្តង់ដារពីរ» និងចេតនាដ៏អាក្រក់របស់អាមេរិកប៉ុណ្ណោះ។

នៅខែកញ្ញា ប្រទេសចិនបានប្រកាស «កំណត់ត្រាជាក់ស្តែង» មួយច្បាប់ ដែលបានប្រកាសជាសាធារណៈនូវទង្វើដ៏អាក្រក់របស់អាមេរិក ដែលបានជ្រៀតជ្រែកកិច្ចការហុងកុង និងផ្តល់ការគាំទ្រដល់កម្លាំងប្រឆាំងចិន និងបង្កភាពចលាចលនៅហុងកុង បន្ទាប់ពីការកើតមានភាពរកាំរកូស ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង កាលពីឆ្នាំ២០១៩មក ការពិតទាំងនេះធ្វើឱ្យពិភពលោកមើលឃើញច្បាស់នូវធាតុពិតអនុត្តរភាព និងការប៉ុនប៉ងដ៏អាក្រក់របស់ «គ្រូបង្រៀនប្រដៅសិទ្ធិមនុស្ស»។ នៅចំពោះមុខភស្តុតាងដែលមិនអាចប្រកែកបាន អាមេរិកបានជ្រៀតជ្រែកកិច្ចការហុងកុងទៀត ដោយយក «សិទិ្ធមនុស្ស» និង «សេរីភាព» ធ្វើជាលេស ទង្វើនេះគឺខុសឆ្គង និងឥតប្រយោជន៍។

ក្នុងសន្និសីទលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ តំណាងនៃប្រទេសជាច្រើនបានថ្លែងសុន្ទរកថាព្រមៗគ្នា ដោយបានលើកឡើងថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ បញ្ហាពាក់ព័ន្ធនឹងហុងកុងជាដើម ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន កម្លាំងខាងក្រៅមិនត្រូវលូកដៃចូលទេ។ នៅថ្ងៃទី២១ ក្នុងសន្និសីទគណៈកម្មាការទីបី នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ តំណាងនៃប្រទេសចំនួនជាង ៦០ បានថ្លែងសុន្ទរកថារួម ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសចិនក្នុងការអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់រដ្ឋបាលពិសេសហុងកុង ក៏ដូចជាប្រឆាំងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជាបញ្ហានយោបាយនិងស្តង់ដារពីរផងដែរ។

នៅចំពោះមុខសំឡេងយុត្តិធម៌នៃសហគមន៍អន្តរជាតិ ប្រទេសអាមេរិកកុំធ្វើគធ្វើថ្លង់ គឺគួរតែឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន។ ពីពូជសាសន៏និយមជាប្រព័ន្ធក្នុងសង្គមក្នុងរយៈពេលយូរមកហើយ ដល់ភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការធ្វើព្រងើយកន្តើយមិនអើពើសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន រហូតដល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយកម្លាំងអាវុធដែលបណ្តាលឱ្យកើតគ្រោះមហន្តរាយមនុស្សធម៌និយមដ៏ធ្ងន់ធ្ងរ ការពិតទាំងនេះបានបញ្ជាក់យ៉ាងពេញលេញថា អ្វីដែលហៅថា”គ្រូបង្រៀនប្រដៅសិទ្ធិមនុស្ស”គឺជាអ្នកជាន់ឈ្លីលើសិទ្ធិមនុស្សខ្លាំងបំផុត។

បច្ចុប្បន្ននេះ ពិភពលោកបានមើលឃើញយ៉ាងច្បាស់ថា អ្វីដែលមនុស្សមួយចំនួនរបស់អាមេរិក យកចិត្តទុកដាក់នោះមិនមែនបញ្ហាថា តើហុងកុងត្រូវធ្វើយ៉ាងណាទើបអាចសម្រេចបាននូវស្ថិរភាពយូរអង្វែង តែគឺតើត្រូវធ្វើយ៉ាងណាទើបអាចគាំទ្រ ពួកឧទ្ទាមប្រឆាំងចិនមួយចំនួនតូច ឱ្យបន្តបង្កភាពចលាចលនៅហុងកុង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតទៅទៀត។ យ៉ាងណាមិញ ប្រឈមនឹងចរន្តប្រវត្តិសាស្រ្តដែលហុងកុង ប្រែពីភាពវឹកវរទៅជាអភិបាលកិច្ចដោយនីតិរដ្ឋ និងប្រែពីអភិបាលកិច្ចដោយនីតិរដ្ឋ ទៅជាប្រកបដោយវិបុលភាព គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការប៉ុនប៉ងរបស់ពួកគេពិតជានឹងត្រូវបរាជ័យជាមិនខាន។ «កលល្បិចសិទ្ធិមនុស្ស» ដែលមានភាពលាក់ពុតរបស់អាមេរិកគួរតែបញ្ចប់ហើយ៕