(ប៉េកាំង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថា វានឹងធ្វើឱ្យភាពតានតឹងផ្នែកយោធា កាន់តែមានសភាពអាក្រក់ឡើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ (Pak Myong Ho) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាល និងប្រជាជនចិន លើគោលជំហររបស់ពួកគេ ក្នុងការរក្សាអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីសម្រេចឱ្យបានការបង្រួបបង្រួមជាតិ»

គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា សហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា លើដែនកោះមួយនេះ។ រីឯចិនដែលតែងតែចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក៏បានក្រើនរំលឹកសហរដ្ឋអាមេរិក ឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ៕