(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពឆ្ពោះទៅរកគ្រោះមហន្តរាយ ដោយមិនអាចត្រឡប់បកក្រោយវិញបាន ជាមួយការគូសបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ចុងខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

លោក Antonio Guterres ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញស្ដីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ បើតាមលោក Guterres ការឡើងកម្ដៅផែនដីសព្វថ្ងៃ វាបានបង្ហាញថាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមួយឆ្ពោះទៅរកគ្រោះមហន្តរាយ ដោយមិនត្រឡប់បកក្រោយវិញបាន។ លោកបន្ថែមទៀតថា បណ្ដាមេដឹកនាំពិភពលោកបានឯកភាពគ្នាលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ នៅឯសន្និសីទស្ដីពី ការប្រែប្រួលអាកាសធាតុ COP21 រៀបចំឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ប៉ុន្តែមិនអាចសម្រេចបាននូវគោលដៅនៅក្រោមកិច្ចព្រមព្រៀងនេះទេ។

កិច្ចព្រមព្រៀង COP21 នេះមានគោលដៅធ្វើយ៉ាងរក្សាការឡើងកម្ដៅផែនដីឱ្យនៅក្រោមកម្រិត ២អង្សាសេ ប៉ុន្តែចុងក្រោយកម្ដៅផែនដីនៅតែឡើងខ្ពស់ដល់ទៅ ២.៧អង្សាសេ។ ប៉ុន្តែ លោក Guterres នៅតែសង្ឃឹមដដែលថាពិភពលោកនៅតែមានពេលវេលាដើម្បីបញ្ចៀសបរាជ័យបែបនេះ ហើយអាចសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយនៅឯសន្និសីទ COP26 នៅក្នុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា សន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុ COP26 គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលានេះ នៅឯទីក្រុង Glasgow ប្រទេសស្កុតឡែន ជាទីដែល មេដឹកនាំពិភពលោកស្វែងរកដំណោះស្រាយ និងបង្ហាញការប្ដេជ្ញាចិត្តចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅរក្សាកម្ដៅផែនដីនៅត្រឹមកម្រិត ១.៥ អង្សាសេ៕