(ប៉េកាំង)៖ ថ្ងៃទី២០ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យច្រកទន្លេលឿងនៅក្រុង Dongying ខេត្ត Shandong។ នៅរសៀលថ្ងៃដដែល លោកបានមកដល់កំពង់ផែច្រកទន្លេលឿង មជ្ឈមណ្ឌលតាមដានពីអេកូឡូស៊ីនៃតំបន់ដីសណ្តទន្លេលឿង និងតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិនៃតំបន់ដីសណ្តទន្លេលឿង ដើម្បីសង្កេតមើលពីស្ថានភាពទឹកទន្លេលឿង និងអេកូបរិស្ថានដីសើមនៃតំបន់ដីសណ្តទន្លេលឿង និងស្វែងយល់អំពីស្ថានការណ៍ការពារអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃអាងទន្លេលឿង។

លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់ខេត្ត Shandong ជានិច្ច។ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី ១៨ មក លោក បានចុះត្រួតពិនិត្យការងារនៅខេត្ត Shandong ពីរដងមកហើយគឺនៅឆ្នាំ ២០១៣ និង ២០១៨ ដើម្បីនែនាំការអភិវឌ្ឍនៃខេត្ត Shandong។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបអនុសាសន៍គន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Zhu ស្រុក Linshu ខេត្ត Shandong។ នៅក្នុងផ្ទះរបស់លោកតា Wang Kechang ដែលមានអាយុ ៨៣ ឆ្នាំ ពេលលោក Xi Jinping បានឮថា ជីវភាពគ្រួសាររបស់លោកតា Wang Kechang មានភាពល្អប្រសើរឡើង លោកបានថ្លែងថា ជីវភាពរស់នៅកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែយើងមិនអាចភ្លេចពីប្រវត្តិសាស្ត្រ យុទ្ធជន និងជនដែលបានតស៊ូ ដើម្បីបង្កើតប្រទេសចិនថ្មីនោះទេ និងប្រជាជននៅតំបន់បដិវត្តន៍ចាស់ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់បដិវត្តន៍។

នៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលសេវាកម្មចម្រុះ សម្រាប់ពលករចំណាកស្រុកនៅក្រុង Jinan ខេត្ត Shandong។ ក្រុមស្ត្រីដែលធ្វើការផ្នែកសេវាថែទាំផ្ទះបានស្វាគមន៍ ចំពោះលោកអគ្គលេខាធិការបក្ស។ លោក Xi Jinping ប្រាប់ពួកគាត់ថា មុខរបរសេវាថែទាំផ្ទះកំពុងមានការរីកចម្រើនខ្លាំង ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពស្មោះត្រង់ និងលើកកម្ពស់កម្រិតវិជ្ជាជីវៈ។

ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Qufu ខេត្ត Shandong ។ លោកបានថ្លែងថា ប្រវតិ្តសាស្រ្ត និងវប្បធម៍ជាពិសេសគឺក្រមសីលធម៌ ដែលបន្តវេនពីដូនតា ត្រូវបែងចែកល្អ និងអាក្រក់ដើម្បីអភិវឌ្ឍអ្វីដែលល្អ។

ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Qingdao ខេត្ត Shandong ។ លោក Guan Huashi សមាជិកបណ្ឌិត្យសភាដែលមានវ័យ ៧៩ ឆ្នាំបាននិយាយថា «ក្តីសុបិនរបស់ខ្ញុំគឺចង់បង្កើតឃ្លាំងពណ៌ខៀវរបស់ប្រទេសចិន»។ លោក Xi Jinping បានឆ្លើយថា «យើងមកសម្រេចសុបិននេះជាមួយគ្នា»

ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុមហ៊ុនវិស្វកម្មមហាសមុទ្រZhongji ដែលស្ថិតនៅក្រុង Yantai ខេត្ត Shandong។ លោក Xi Jinpingបានគូសបញ្ជាក់ថា សហគ្រាសរដ្ឋ ជាពិសេសសហគ្រាសរដ្ឋនៅក្រោមឱវាទរដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតដោយឯករាជ្យម្ចាស់ការ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀត។

ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅដល់ផ្ទះរបស់លោក Zhao Shunli អ្នកភូមិនៅក្នុងភូមិ Sanjianxi ក្រុង Jinan ខេត្តShandong។ លោក Zhao Shunli បាននិយាយថា ប៉ុន្មានឆ្នាំនេះ ជីវភាពរស់នៅរបស់យើងកាន់តែល្អប្រសើរឡើង គឺដោយសារតែមានគោលនយោបាយល្អរបស់បក្សកុម្មុយនិស្តចិន។ លោកប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ក្នុងការងារកសិកម្មនិងជនបទ ការបង្កើនប្រាក់ចំណូលរបស់កសិករគឺជាចំណុចគន្លឹះ៕