(ហ្សឺណែវ)៖ ខណៈតួលេខពិតប្រាកដ នៅមិនទាន់អាចកំណត់បាននៅឡើយនោះ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការគណនាជាបណ្តោះអាសន្នថា បុគ្គលិកសុខាភិបាល និងអ្នកថែទាំសុខភាពយ៉ាងហោចណាស់ចាប់ពី ៨០,០០០នាក់ ទៅ ១៨០,០០០នាក់ហើយបានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ការប៉ាន់ប្រមាណអំំពីតួលេខដ៏ក្រៀមក្រំខាងលើនេះ បានកើតឡើងនៅក្នុងដំណើរការ ចងក្រងឯកសារថ្មីរបស់ WHO ដោយផ្អែកលើរបាយការណ៍សរុប ៣.៥លានច្បាប់ ដែលត្រូវបានរាយការណ៍មកពីបណ្តាប្រទេស នៅទូទាំងពិភពលោក ចាប់ពីតាំងខែមករា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១។ បើតាម WHO តួលេខបណ្តោះអាសន្ន នៃបុគ្គលិកសុខាភិបាលរងគ្រោះខាងលើនេះ អាចទាបជាងរហូតដល់ទៅ ៦០% នៃតួលេខពិតប្រាកដ។

គួរបញ្ជាក់ថា ចំពោះមុខរបាយការណ៍នៃចំនួនមនុស្សស្លាប់ នៅក្នុងវិស័យសុខាភិបាលនេះ, អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានរំលឹកឡើងវិញថា «ឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាលទាំងអស់ គឺជាបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យនេះ»។ លោកបានបន្ថែមថា «COVID-19 គឺជាការបង្ហាញដ៏ច្បាស់លាស់បំផុតថា តើយើងពឹងផ្អែកលើបុរស និងស្ត្រីទាំងនេះក្នុងកម្រិតណា? ហើយយើងងាយរងគ្រោះខ្លាំងប៉ុណ្ណា នៅពេលមនុស្សដែលត្រូវមក ការពារអាយុជីវិតរបស់យើង តែពួកគេមិនបានទទួលការការពារ?»

នាយក WHO ក៏បានសង្កត់ធ្ងន់ផងដែរថា រយៈពេល ១០ខែមកហើយ ដែលវ៉ាក់សាំងបង្ការ COVID-19 ត្រូវបានអនុម័តឲ្យប្រើ ប៉ុន្តែបុគ្គលិកសុខាភិបាលរាប់លាននាក់ នៅទូទាំងពិភពលោកគិតមកទល់នឹងពេលនេះ នៅតែមិនទាន់ទទួលបាន វ៉ាក់សាំងបង្ការជំងឺនេះនៅឡើយ។ លោកបានស្តីបន្ទោសសារជាថ្មីទៅលើបណ្តាប្រទេស និងក្រុមហ៊ុននានា ដែលនៅតែបន្តគ្រប់គ្រងលើសង្វាក់ផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោក៕