(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួន បានឃោសនាបំប៉ោងម្តងទៀត នូវអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» ឧទាហរណ៍ដូចជា លោក Lloyd J. Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានរិះគន់ថា ប្រទេសចិនអភិវឌ្ឍសមត្ថភាពយោធា និងប្រព័ន្ធអាវុធដ៏ជឿនលឿននឹង «ធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែមានភាពតានតឹង»។ ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វអាវុធរបស់អាមេរិក បានមួលបង្កាច់ថា ចិន និងរុស្ស៊ីបានបណ្តាលឱ្យកើតមាន «ការប្រកួតប្រជែងខាងសព្វាវុធ មានភាពកាន់តែខ្លាំងឡើង» ជាដើម។ ប្រទេសមហាអំណាចមួយ ដែលតែងតែបង្ហាញសាច់ដុំកម្លាំងយោធារបស់ខ្លួន នៅគ្រប់ទីកន្លែង ប៉ុនប៉ងទម្លាក់កំហុសរបស់ខ្លួន ទៅលើប្រទេសដទៃទៀត ពោលគឺបំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា សភាតំណាងរាស្រ្តអាមេរិកបានអនុម័ត លើសេចកី្តព្រាងច្បាប់ស្តីពី ការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិឆ្នាំ ២០២២ នៅមួយខែមុនដែលនឹងផ្តល់ថវិកាប្រមាណ ៧៧០ ពាន់លានដុល្លារអាមេរិកដល់អគារបញ្ចកោណ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ។ តួលេខនេះបានកើនជាងចំនួន ២៥ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងថវិកាដែលលើកឡើងដោយសេតវិមាន។ ក្នុងនោះ មានថវិកាចំនួន ២៨ ពាន់លានដុល្លារអាមេរិក គឺ ដើម្បីអភិវឌ្ឍកម្មវិធីអាវុធនុយគ្លេអ៊ែរ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើបែបនេះធ្វើឱ្យពិភពលោកកាន់តែមានភាពងឿងឆ្ងល់។

ដើម្បីឱ្យដើរស្របគ្នាជាមួយទង្វើទាំងនេះ អាមេរិកបានប្រើប្រាស់មធ្យោបាយយោធាថ្មីគ្រប់បែបយ៉ាង។ ប្រការដែលញ៉ាំងឱ្យអ្នកផងទាំងពួង ចាប់អារម្មណ៍ជាងគេ គឺអាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសថា នឹងបង្កើតទំនាក់ទំនងភាពជាដៃគូផែ្នកសន្តិសុខត្រីភាគី ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីចែករំលែកបច្ចេកវិទ្យា និងផលិតនាវាមុជទឹកនុយគ្លេអ៊ែរ។ ពីអាស៊ីឦសានដល់អាស៊ីអាគ្នេយ៍ ប្រទេសស្ទើរតែទាំងអស់សុទ្ធតែមានការព្រួយបារម្ភ ខាងសន្តិសុខដោយសារសម្ព័ន្ធភាពបែបនេះ។ លោក Rafael Mariano Grossi អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិ បានលើកឡើងនៅថ្ងៃទី ១៩ ខែតុលាថា បានចាត់បញ្ជូនក្រុមពិសេសមួយ ដើម្បីធ្វើការពិនិត្យអង្កេតពីផលប៉ះពាល់ខាងសុវត្ថិភាព និងផ្នែកច្បាប់ដែលបណ្តាលមកពី កិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ។

នាពេលថ្មីៗកន្លងទៅនេះ នាវាប្រដេញបំពាក់គ្រាប់មីស៊ីលរបស់អាមេរិកសញ្ញា "Dewey" និងនាវាអមដំណើរសញ្ញា "Winnipeg" របស់កាណាដាបានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ នេះជាលើកទីមួយហើយដែលកងទ័ពអាមេរិក រួមជាមួយនាវាចម្បាំងរបស់ប្រទេសដទៃទៀតធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សកម្មភាពដ៏អាក្រក់បែបនេះ នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

បើប្រៀបធៀបនឹងអាមេរិក កិច្ចកសាងនិងការអភិវឌ្ឍនៃកិច្ចការការពារជាតិ និងកងទ័ពរបស់ប្រទេសចិន គឺដើម្បីបំពេញតម្រូវការ នៃកិច្ចការការពារអធិបតេយ្យភាពជាតិ សន្តិសុខ ផលប្រយោជន៍ និងការអភិវឌ្ឍរបស់ប្រទេសជាតិសុទ្ធសាធ មិនដៅចំពោះប្រទេសណាមួយទេ ហើយក៏មិនបានបង្កបង្កើតការគំរាមកំហែង ចំពោះប្រទេសណាមួយនោះឡើយ។ ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន គឺសមស្របនឹងកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលរក្សាបាននូវកំណើនប្រកបដោយស្ថិរភាព និងសមរម្យ។

នាពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍសកល ហើយបានស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សកម្មភាពជាក់ស្តែងទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជានិច្ចកាល ប្រទេសចិនជាស្ថាបនិកនៃសន្តិភាពរបស់សកលលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់ និងរបៀបរៀបរយអន្តរជាតិជាប់រហូត៕ (#CCFR Comment#)