(មែលប៊ន)៖ ប្រជាជនដែលរស់នៅទីក្រុងមែលប៊ន (Melbourne) បានប្រមូលផ្តុំគ្នានៅហាងស្រា ហាងកាត់សក់ និងភោជនីយដ្ឋាននៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីទីក្រុងដ៏ធំបំផុតទី ២ របស់ប្រទេសអូស្រ្តាលីមួយនេះ បានងើបចេញពីវិធានការរឹតត្បិត ចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ទីក្រុងដ៏ធំបំផុតទី ២ របស់ប្រទេសអូស្រ្តាលីមួយនេះ បានស្ថិតក្រោមវិធានការបិទខ្ទប់អស់រយៈពេល ២៦២ថ្ងៃហើយ ឬជិត ៩ខែ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមកនេះ ជាទីក្រុងមួយដែលស្ថិតក្រោមវិធានការបិទខ្ទប់យូរបំផុត នៅលើពិភពលោក។

នៅទីក្រុងមែលប៊ន, គេបានឃើញមនុស្សជាច្រើនទះដៃអបអរសាទរ ពីយ៉រមុខផ្ទះរបស់ពួកគេ នៅវេលាម៉ោង ១១៖៥៩នាទីយប់ថ្ងៃព្រហស្បតិ៍ និងពេលរំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ ខណៈកន្លែងជាច្រើន រួមទាំងកន្លែងលក់អាហារ កន្លែងលក់ស្រា និងសូម្បីតែហាងកាត់សក់ ក៏បានបើកទ្វារឡើងវិញចាប់ពេលរំលងអធ្រាត្រ ឈានចូលថ្ងៃថ្មីនេះផងដែរ។

គួរបញ្ជាក់ថា នៅក្រោមច្បាប់បន្ធូរបន្ថយវិធានការរឹតត្បឹតនៅទីក្រុងមែលប៊ន ភោជនីយដ្ឋាន និងហាងកាហ្វេអាចបើកឡើងវិញបាន ដោយតម្រូវឱ្យទទួលមនុស្សចូលមកអង្គុយរហូតដល់ ២០នាក់នៅក្នុងហាង និង ៥០នាក់នៅក្រៅហាង ដែលពួកគេទាំងអស់ត្រូវតែជាអ្នក ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ខណៈមនុស្ស ១០នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះបាន។ ប៉ុន្តែការពាក់ម៉ាសនៅតាមទីតាំងមួយចំនួន នៅតែជាកាតព្វកិច្ចដដែល៕