(រ៉ង់ហ្គូន)៖ ការសម្រេចចិត្តរបស់អាស៊ាន (ASEAN) ដោយមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ចូលរួមកិច្ចប្រជុំកំពូលដែលប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ បានបង្កឱ្យមានការចោទសួរឡើងនូវសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយ នោះគឺ៖ ថាតើបើរងសម្ពាធខ្លាំងពេក, របបយោធាក្នុងទីក្រុង ណៃពិដោរ នឹងសម្រេចចិត្តដកមីយ៉ាន់ម៉ាចេញពីអាស៊ានដែរ ឬក៏យ៉ាងណា?

ត្រឡប់ទៅកាន់អតីតកាលបន្តិច, មេដឹកនាំយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាធ្លាប់បានពិចារណាយ៉ាងល្អិតល្អន់ និងហ្មត់ចត់ជាទីបំផុត មុននឹងសម្រេចចិត្តចូលរួមជាមួយអាស៊ាន កាលពីឆ្នាំ១៩៩៧។ ការចូលរួមជាមួយអាស៊ាននេះត្រូវបានគេមើលឃើញថាគឺជាការផ្លាស់ប្ដូរមួយដ៏ធំនៃគោលជំហរចាក់ឬសយ៉ាងជ្រៅ និងដ៏យូរអង្វែងរបស់មីយ៉ាន់ម៉ា ពាក់ព័ន្ធ ទៅនឹងគោលនយោបាយឯករាជ្យ និងអព្យាក្រឹតខាងទំនាក់ទំនងការបរទេស។ អាស៊ានមិន បានបោះដៃ ឬងាកទៅរកប្លុកមហាអំណាចណាមួយទេដោយប្រកាន់ភ្ជាប់នូវ នយោបាយមិនលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋជាសមាជិក ដែលនេះមើលទៅហាក់ដូចជាស្របទៅនឹងនយោបាយមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែ សមាជិកភាពអាស៊ាន វាបែរជាបានធ្វើឱ្យ ប៉ះពាល់ដល់គោលជំហរជាលក្ខណៈប្រពៃណីរបស់យោធាមីយ៉ាន់ម៉ាទៅវិញ។

ក្រុមអ្នកអភិរក្សនិយមនៅក្នុងក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ធ្លាប់បាន និងទំនងជានៅតែយល់ឃើញថាសមាជិកភាពអាស៊ានមិនបានផ្ដល់តម្លៃសំខាន់អ្វីទាល់តែសោះ តែមានតែ ធ្វើឱ្យមីយ៉ាន់ម៉ាត្រូវទទួលរងសម្ពាធពីបរទេសខាងក្រៅ តាមរយៈអាស៊ានទៅវិញ។ តែទោះជាបែបនេះក្ដី, ក្រុមអ្នកមានគំនិតបើកទូលាយអះអាងថាអាស៊ានប្រៀបបានទៅនឹង ទ្រនាប់ការពារមួយរវាងមីយ៉ាន់ម៉ា និងបរទេសដែលរិះគន់មីយ៉ាន់ម៉ា ព្រមទាំងជួយមីយ៉ាន់ម៉ាផងដែរក្នុងការរក្សាតុល្យភាពទំនាក់ទំនងដែលមានបញ្ហាជាមួយចិន ពោលគឺមិន ចង់ពឹងផ្អែកលើចិនខ្លាំងពេក។

សម្រាប់ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ដែលគាំទ្រសមាជិកភាពអាស៊ាន, ពួកគេគិតថាការសម្រេចចិត្តចូលរួមជាមួយអាស៊ានគឺជារឿងត្រឹមត្រូវ ដ្បិតសមាជិកភាពបានជួយឱ្យ
រដ្ឋាភិបាលគ្រប់ជំនាន់នៅមីយ៉ាន់ម៉ា អាចលៃលកឥទ្ធិពលចិន និងទប់ទល់ជាមួយសម្ពាធពីបរទេស ព្រមទាំងបានស្រូបទាញការវិនិយោគពីបរទេសទៀតផង។ នៅក្រោយ ព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលអន្តរជាតិចាត់ទុកថាជាការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូជីពីអំណាច, អាស៊ានមិនបានចាត់វិធានការ ឆ្លើយតបធំដុំអ្វីនោះទេ ដោយសំអាងលើគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋជាសមាជិក ហើយកាលពីខែមេសាកន្លងទៅ លោក មីន អោង ហ្លេង ថែមទាំងត្រូវបាន អញ្ជើញឱ្យចូលក្នុងកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ចាប់តាំងពីថ្ងៃរដ្ឋប្រហារ ដែលនេះហាក់ដូចជាការទទួលស្គាល់មេដឹកនាំយោធារូបនេះដោយប្រយោល។

ប៉ុន្តែ ទោះជាបានយល់ព្រមទទួលយកគោលការណ៍ ៥ចំណុចរបស់អាស៊ាន ក្នុងនោះរួមមានទាំងការសន្យាបញ្ចប់អំពើហិង្សាក៏ពិតមែន, យោធាមីយ៉ាន់ម៉ាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ ហើយថែមទាំងហាមមិនឱ្យបេសកជនពិសេសអាស៊ានចូលជួបជាមួយលោកស្រី អោង សាន ស៊ូជី ដែលនេះត្រូវបានគេមើលឃើញថាជាមូលហេតុមួយ ជំរុញឱ្យអាស៊ានសម្រេចចិត្តមិនអញ្ជើញលោក មីន អោង ហ្លេង ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះ។ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ រដ្ឋាភិបាលប្រ៊ុយណេ ដែលបច្ចុប្បន្នជាប្រធានអាស៊ាន, ស្ថានភាពសព្វថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនៅក្នុងតំបន់ រួមទាំងសាមគ្គីភាព ភាពគួរឱ្យទុកចិត្ត និងនយោបាយអព្យាក្រឹតរបស់អាស៊ាន។ សេចក្ដីថ្លែងការណ៍នេះដដែល បញ្ជាក់ទៀតថាអ្នកតំណាងម្នាក់មិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា ឬរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។

ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ, រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់អាស៊ានថាបានរំលោភបំពានលើគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងនៃរដ្ឋជា សមាជិក និងបានឈរនៅខាងសត្រូវរបស់ពួកគេ ទាំងបរទេស និងនៅក្នុងស្រុក។ ក្នុងន័យនេះ, ហាក់ដូចជាថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាចង់ព្រមានជាមុនថាវាមិនមែនជារឿង ភ្ញាក់ផ្អើលអ្វីនោះទេ ប្រសិនបើពួកគេដកមីយ៉ាន់ម៉ាចេញពីអាស៊ាន។ ពិតមែនទៅ, មីយ៉ាន់ម៉ាធ្លាប់ជាប្រទេសឯកោពីគេឯងក្នុងរយៈពេលយូរគួរសមដែរ។ ជាឧទាហរណ៍, មីយ៉ាន់ម៉ាគឺជាសហស្ថាបនិកអង្គការចលនាមិនចូលបក្សសម្ព័ន្ធកាលពីឆ្នាំ១៩៦១ តែបានចាកចេញពីចលនាមួយនេះក្នុងឆ្នាំ១៩៧៩ នៅពេលមានទំនោរងាកទៅរកប្លុកលោក ខាងកើត ឬកម្មុយនិស្ដក្នុងសម័យសង្រ្គាមត្រជាក់។ គំនិតមិនចូលបក្សសម្ព័ន្ធនៅតែមានប្រជាប្រិយភាពក្នុងចំណោមថ្នាក់ដឹកនាំមីយ៉ាន់ម៉ាទាំងយោធា និងស៊ីវិល ដោយរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ តាក់តែងឡើងដោយយោធាមីយ៉ាន់ម៉ា បានចែងជាពិសេសថាមីយ៉ាន់ម៉ាគួតែបន្តអនុវត្តគោលនយោបាយការបរទេសយ៉ាងសកម្ម, ឯករាជ្យ និងមិនចូល បក្សសម្ព័ន្ធណាមួយ។

តែយ៉ាងណាក៏ដោយ, អ្វីដែលពិបាកស្មាន និងស្វែងយល់គឺផ្នត់គំនិតរបស់យោធាមីយ៉ាន់ម៉ា។ យោធាមីយ៉ាន់ម៉ាតែងតែប្រកាន់គោលការណ៍ថាប្រទេសរបស់ពួកគេត្រូវតែមាន ឯករាជ្យ និងជារដ្ឋអធិបតេយ្យមួយ ទើបរបបដឹកនាំរបស់ពួកគេមានជីវិតយូរអង្វែង។ ដោយសារមានផ្នត់គំនិតបែបនេះឯង, ទើបរបបយោធាមីយ៉ាន់ម៉ាគ្រប់ជំនាន់ប្រឆាំងយ៉ាង ខ្លាំងនឹងសម្ពាធពីខាងក្រៅ ហើយកំណត់នៅក្នុងចិត្តថាត្រូវតែដើរលើផ្លូវដែលខ្លួនឯងបានកំណត់ ទោះជាត្រូវលះបង់តម្លៃណាក៏ដោយ។

ជាការពិតណាស់, សមាជិកភាពអាស៊ាន ពិតជាមានសារៈសំខាន់ និងផ្ដល់ផលប្រយោជន៍ដល់មីយ៉ាន់ម៉ា។ ប៉ុន្តែ ប្រសិនបើអាស៊ានមានទំនោរ ឬក៏ប្រឆាំងត្រង់ៗនឹងមីយ៉ាន់ម៉ា នោះចង់ ឬមិនចង់ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ានឹងចាប់ផ្ដើមពិចារណារស់នៅដោយគ្មានអាស៊ាន។ ពីព្រោះថាសម្រាប់ពួកគេ ទោះជាបន្ត ឬមិនមែនជាសមាជិកអាស៊ានក៏ដោយ, ក៏ប្រទេសនៅក្នុងតំបន់ជាពិសេសគឺចិន និងរុស្ស៊ី នៅតែត្រូវការធ្វើពាណិជ្ជកម្មរកស៊ីជាមួយនឹងខ្លួនដដែលឈរលើផលប្រយោជន៍ប្រទេសនីមួយៗ ហើយមីយ៉ាន់ម៉ាក៏ជាប្រទេស សម្បូរធនធានធម្មជាតិ និងមានសក្ដានុពលទីផ្សារសម្រាប់ផលិតផលប្រើប្រាស់ និងបច្ចេកវិទ្យាមួយហ្នឹងគេដែរ។

គួរបញ្ជាក់ថា ស្ថានការណ៍សព្វថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថានៅតែបង្កការគំរាមកំហែងដល់បរិយាកាសសន្តិសុខតំបន់ទាំងមូល ចំពោះមុខការប្រឹង ប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កត្តាទាំងអស់នេះសុទ្ធតែអាចនឹងក្លាយជាហេតុផលជំរុញឱ្យ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាគំរាមដកប្រទេសរបស់ពួកគេចេញពីអាស៊ាន ប្រសិនបើរបបដឹកនាំយោធាមិនត្រូវបានអាស៊ានទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា ទេនោះ៕

ប្រភព៖ Lowy Institute (ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១)