Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាញភេរវករ ISIS ២៥០នាក់ ត្រូវបានចាប់ខ្លួននៅអាហ្វហ្កានីស្ថាន នៅក្នុងរយៈពេល១ខែ (Video inside)

21-10-2021 16:17

(កាប៊ុល)៖ អាជ្ញាធរសន្តិសុខនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ ដែលជាបណ្តាញក្រុមភេរវករ ISIS សរុប ២៥០នាក់ នៅក្នុងរយៈពេល ១ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យអាជ្ញាធរតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា «បុគ្គលសរុបចំនួន ២៥០នាក់ ដែលមានទំនាក់ទំនងជាមួយ ISIS និងភាគច្រើនជាអ្នកដែលបានរត់គេចខ្លួន ចេញពីពន្ធនាគារនោះ ត្រូវបានចាប់ខ្លួនយកមកវិញហើយ ក្នុងរយៈពេលមួយខែចុងក្រោយនេះ»

បើតាមអ្នកនាំពាក្យខាងលើនេះ ក្នុងចំណោមពួកគេទាំង ២៥០នាក់ មួយចំនួនត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធទៅនឹង ករណីបំផ្ទុះគ្រាប់កាលពីសប្តាហ៍មុន ទៅលើព្រះវិហារអ៊ីស្លាម-ស៊ីអ៊ីតចំនួនពីរកន្លែង ដោយមួយនៅក្នុងខេត្ត ឃុនឌុស (Kunduz) និងមួយទៀតនៅខេត្តកាន់ដាហា (Kandahar)។ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតទាំងពីរលើកនេះ បានផ្តាច់ជីវិតមនុស្សជាង ១០០នាក់ និងរាប់សិបនាក់ទៀតរងរបួស ហើយក៏ជាពេលដែលប្រទេសក្នុងតំបន់ ព្រមានពីការងើបឡើងវិញនៃឥទ្ធិពលក្រុម ISIS នៅលើទឹកដីអាហ្វហ្កានីស្ថានផងដែរ៕