(ប៉េកាំង)៖ អាជ្ញាធរតាមតំបន់មួយចំនួននៅក្នុងប្រទេសចិន បានសម្រេចលុបចោលជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញឲ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នា២០២១នេះ ដើម្បីទប់ទល់នឹងការផ្ទុះករណីឆ្លង COVID-19 ថ្មីៗ ដែលជាប់ពាក់ព័ន្ធនឹងអ្នកទេសចរមួយក្រុម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចាត់វិធានការក្តៅដូចខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរចិន បានមើលឃើញចំនួនអ្នកឆ្លង COVID-19 កើនឡើងក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ដែលភាគច្រើនស្ថិតនៅតំបន់ភាគខាងជើង និងភាគពាយ័ព្យ។ អាជ្ញាធរក្នុងតំបន់ទាំងនោះ កំពុងតែព្យាយាមគ្រប់គ្រងការផ្ទុះករណីឆ្លងថ្មីៗក្នុងស្រុក តាមរយៈការផ្អាកជើងហោះហើររាប់រយជើង, បិទសាលារៀននានាជាបណ្តោះអាសន្ន និងជំរុញការធ្វើតេស្តទ្រង់ទ្រាយធំ។

បើតាមអាជ្ញាធរចិន ការផ្ទុះករណីឆ្លង COVID-19 លើកនេះ គឺមានជាប់ពាក់ព័ន្ធនឹង អ្នកទេសចរវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងក្រុមអ្នកទេសចរមួយ។ ពួកគេចាប់ផ្តើមធ្វើដំណើរកម្សាន្តនៅទីក្រុងសៀងហៃ បន្ទាប់មកក៏ជិះយន្តហោះទៅទីក្រុង ស៊ីអាន (Xi'an) នៃខេត្ត សានស៊ី (Shaanxi) ភាគកណ្តាលប្រទេសចិន ហើយក៏បន្តដំណើរទៅកាន់ខេត្ត ហ្គាន់ស៊ូ (Gansu) ស្ថិតនៅភាគពាយ័ព្យ និង តំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ស្ថិតនៅភាគខាងជើង។

បើតាមអាជ្ញាធរចិនដដែល ករណីឆ្លង COVID-19 រាប់សិននាក់មកហើយ ត្រូវបានធ្វើតេស្តរកឃើញ ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងក្រុមអ្នកទេសចរខាងលើនេះ នៅក្នុងខេត្ត និងតំបន់ចំនួន ៥ ក្នុងនោះក៏មានរដ្ឋធានីប៉េកាំងផងដែរ។ តំបន់ដែលកំពុងអនុវត្តវិធានការតឹងរ៉ឹងជាងគេគឺ ឡានចូវ (Lanzhou) ដោយប្រជាជនជាង ៤លាននាក់កំពុងរស់នៅតំបន់នេះ ត្រូវបានណែនាំឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះ ហើយអ្នកដែលចង់ចាកចេញ ត្រូវតែបង្ហាញលទ្ធផលធ្វើតេស្ត «អវិជ្ជមាន» COVID-19 ជាមុនសិន៕