(ប្រេស៊ីល)៖ គណៈកម្មាធិការមួយនៃព្រឹទ្ធសភាប្រេស៊ីលនៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដល់អនុសាសន៍លើបទចោទប្រកាន់ចំនួន១០ករណីប្រឆាំងនឹងប្រធានាធិបតី ប្រេស៊ីល លោក Jair Bolsonaro ក្នុងនោះរួមមានបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ជុំវិញដំណោះស្រាយវិបត្តិ COVID-19 របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

បើតាមគណៈកម្មាធិការស៊ើបអង្កេតនៃព្រឹទ្ធសភាប្រេស៊ីល មនុស្ស ៦០នាក់ផ្សេងទៀតក្នុងនោះរួមមានរដ្ឋមន្ត្រី ឬអតីតរដ្ឋមន្ត្រី៥រូប ព្រមទាំងកូនប្រុសបីនាក់របស់លោក Bolsonaro ក៏គួរតែត្រូវបានចោទប្រកាន់ផងដែរពាក់ព័ន្ធនឹងការដោះស្រាយវិបត្តិ COVID-19។ ប្រេស៊ីលគឺជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតមួយដោយសារCOVID-19 ដោយមកទល់នឹងពេលនេះមនុស្សច្រើនជាង ៦០០,០០០នាក់ហើយបានស្លាប់។

លោក Bolsonaro ជារឿយៗតែងតែចាត់ទុកថា COVID-19 គ្រាន់តែជាជំងឺផ្ដាសាយធម្មតាដែលនេះមូលហេតុមួយរំខានដល់កិច្ចការរបស់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការដាក់ ចេញវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដូចជាវិធានការបិទខ្ទប់ និងការចាក់វ៉ាក់សាំងជាដើម ដោយលោកផ្ទាល់បានបញ្ជាក់ថាលោកនឹងមិនចាក់វ៉ាក់សាំងបង្ការ COVID-19 នោះទេ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ប្រេស៊ីលមានអ្នកឆ្លង COVID-19 ចំនួន ២១.៦៨លាននាក់ ក្នុងនោះស្លាប់ ៦០៤,៣០៣នាក់ និងជាសះស្បើយឡើងវិញ ២០.៨៦លាននាក់៕