(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បាននិយាយថាប្រទេសរបស់លោកនឹងពិចារណាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើ កូរ៉េខាងជើងយល់ព្រមត្រឡប់មករកតុចរចាវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

លោក Chung Eui-yong ធ្វើការកត់សម្គាល់បែបនេះ នៅចំពោះមុខសភាជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដោយសង្កត់ធ្ងន់ថាសកម្មភាពមួយចំនួនអាចនឹងត្រូវធ្វើភ្លាមៗ ដើម្បីបង្ការកុំឱ្យកូរ៉េខាងជើងបន្តការអភិវឌ្ឍសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរនៅពេលអនាគត។ លោក Chung បន្ថែមដូច្នេះថា «ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច អាចនឹងត្រូវបានពិចារណា នៅក្នុងចំណោមវិធានការរារាំងកម្មវិធីនុយក្លេអ៊ែរ នៅក្នុងករណីដែលកូរ៉េខាងជើងយល់ព្រមត្រឡប់មករកតុចរចាសាជាថ្មី»

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិក មានជំហរដូចគ្នានឹងកូរ៉េខាងត្បូងដែរឬទេ? លោក Chung បានឆ្លើយថាទីក្រុងវ៉ាស៊ីនតោនធ្លាប់បានបញ្ជាក់ ជាផ្លូវការថាខ្លួនអាចនឹងជជែកពិភាក្សាលើរាល់បញ្ហាទាំងអស់ ប្រសិនកូរ៉េខាងជើងត្រឡប់មករកតុចរចាឡើងវិញ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Chung Eui-yong កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានទទួលស្គាល់ថា ទីក្រុង ព្យុងយ៉ាងបានតេស្ដមីស៊ីលបាលិស្ទីគមួយគ្រាប់ បាញ់ចេញពីនាវាមុជទឹក (SLBM) កាលពីថ្ងៃអង្គារម្សិលមិញ៕