(ប៉េកាំង)៖ "ការអភិរក្សជីវចម្រុះមានអំណោយផលដល់ការគាំពារភពផែនដី និងជំរុញការអភិវឌ្ឍជានិរន្តភាពរបស់មនុស្សជាតិ"។ ថ្ងៃទី ១២ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» របស់អង្គការសហប្រជាជាតិលើកទី ១៥ តាមប្រព័ន្ធវីដេអូព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងលម្អិត ពីបញ្ហាសំខាន់ៗមួយចំនួនដូចជា តើត្រូវកសាងទីលំនៅនៅភាពផែនដីប្រភេទណា តើត្រូវកសាងយ៉ាងដូចម្តេច និងតើប្រទេសចិនត្រូវធ្វើយ៉ាងណាជាដើម ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅ សម្រាប់បង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី បានរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងរបស់ចិន ក៏ដូចជាបានបង្ហាញពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រទេសធំផងដែរ។

ជីវចម្រុះគឺជាមូលដ្ឋានដែលមនុស្សជាតិទាំងអស់ ពឹងអាស្រ័យនឹងអភិវឌ្ឍទៅមុខ។ បើនិយាយចំពោះមនុស្សជាតិ បញ្ហាថា "តើត្រូវរួមគ្នាបង្កើតសហគមន៍រួមអាយុជីវិត នៃភពផែនដីយ៉ាងណា" បានក្លាយជាសំណួរដែលចាំបាច់ត្រូវឆ្លើយជាបន្ទាន់។

ក្នុងកិច្ចប្រជុំសកលលើកទី ១ ក្រោមប្រធានបទអរិយធម៌អេកូឡូស៊ី ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវយកការកសាងអរិយធម៌អេកូឡូស៊ី ជាការណែនាំដើម្បីសម្របសម្រួល ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ យកការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ពណ៌បៃតង ទៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ផ្តោតលើសុខុមាលភាពរបស់ប្រជាជន ដើម្បីជំរុញយុតិធម៌ និងសច្ចធម៌សង្គម ក៏ដូចជាផ្អែកលើច្បាប់អន្តរជាតិ ដើម្បីគាំពារប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ប្រកបដោយយុត្តិធម៌ និងសមហេតុផល។

អាចមើលឃើញថា សំណើ ៤ ចំណុចទាំងនេះគឺជាតម្រិះប្រាជ្ញាដែលប្រទេសចិន បានផ្តល់ដល់អភិបាលកិច្ចបរិស្ថានពិភពលោក ដោយការគួរផ្សំជាមួយបទពិសោធន៍របស់ខ្លួន ហើយបានគ្រោងផែនការដំណោះស្រាយ សម្រាប់ជំរុញបណ្តាប្រទេសនានាឱ្យរួមគ្នា បង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី។

សំដៅចំពោះការជំរុញការអភិរក្សជីវចម្រុះជាសកល ប្រទេសចិនក៏បានចាត់ប្រតិបតិ្តការផងដែរ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងផ្តល់ប្រាក់ទុន ១ ពាន់ ៥ រយលានយាន់ប្រាក់ចិន មុនគេបង្អស់សម្រាប់បង្កើត មូលនិធិជីវចម្រុះក្រុងគុនមីង ដើម្បីគាំទ្រដល់កិច្ចការអភិរក្សជីវចម្រុះ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ពន្លឿនការបង្កើតប្រព័ន្ធតំបន់អភិរក្សធម្មជាតិ ដែលមានឧទ្យានជាតិជាតួអង្គសំខាន់ ក៏ដូចជានឹងដាក់ចេញជាបន្តបន្ទាប់ នូវផែនការអនុវត្តស្តីពីការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលក្នុងវិស័យ និងមុខរបរសំខាន់ៗ និងវិធានការគាំទ្រជាច្រើន ដើម្បីបង្កើតជាប្រព័ន្ធគោលនយោបាយកាត់បន្ថយ ការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន "1+N"។ល។

វិធានការថ្មីទាំងនេះបានបង្ហាញថា ប្រទេសចិនកំពុងបោះជំហាឥតឈប់ឈរ ទៅរកគោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។

ក្នុងនាមជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខដ៏សំខាន់ ក្នុងការកសាងអរិយធម៌អេកូឡូស៊ីពិភពលោក ប្រទេសចិននឹងយកកិច្ចប្រជុំកំពូលលើកនេះ ជាឱកាសដើម្បីជំរុញគ្រប់ភាគីទាំងអស់ឱ្យតាក់តែង "ក្របខ័ណ្ឌអំពីជីវចម្រុះជាសកលក្រោយឆ្នាំ ២០២០" និងរួមចំណែករបស់ប្រទេសចិនកាន់តែច្រើន សម្រាប់ជំរុញការបង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី៕ (#CCFR Comment#)