(ប្រាក)៖ សភាពាណិជ្ជកម្មកោះតៃវ៉ាន់ប្រចាំសាធារណរដ្ឋឆែក (Czech Republic) បានប្រកាសថា រដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ លោក ចូសិព វូ (Joseph Wu) និងគណៈប្រតិភូធុរកិច្ច នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ខាងមុខនេះ ដែលជាការចង្អុលបង្ហាញថ្មីមួយ នៃទំនាក់ទំនងរីកចម្រើន រវាងប្រទេសសហភាពអឺរ៉ុបមួយនេះ និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

ក្រៅពីសាធារណរដ្ឋឆែក គណៈប្រតិភូកោះតៃវ៉ាន់ ក៏គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្លូវ៉ាក (Slovakia) និងលីទុយអានី (Lithuania) ដែលនៅជិតខាងគ្នានោះផងដែរ។

បើតាមក្រុមអ្នកតាមដានស្ថានការណ៍អន្តរជាតិ, ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ នៅចុងខែតុលាខាងមុខនេះ ទំនងជាបង្កឱ្យមានការប្រតិកម្មពីប្រទេសចិន ដែលស្រដៀងគ្នានឹងការស្តីបន្ទោសរបស់ចិន ចំពោះដំណើរទស្សនកិច្ចរបស់លោក ម៉ៃឡូស វីស្រ្តាស៉ីល (Milos Vystrcil) ប្រធានសភាជាន់ខ្ពស់នៃសាធារណរដ្ឋឆែក ទៅកាន់ទីក្រុងតៃប៉ិ (Taipei) កោះតៃវ៉ាន់ កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខនេះ គឺជាជំហានថ្មីមួយនៃគោលនយោបាយការបរទេស ដែលកំពុងជំរុញដោយប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក ម៉ៃឡូស ហ្សេម៉ាន់ (Milos Zeman)។ វាជាការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ឆែក ដែលធ្លាប់តែស្និទ្ធស្នាលខ្លាំងជាមួយទីក្រុងប៉េកាំង បន្ទាប់ពីបក្សកុម្មុយនិស្តក្នុងប្រទេសនេះ បានចាញ់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨ ដល់ទី ៩ ខែតុលា៕