(សេអ៊ូល)៖ ក្រុមជំនាញកូរ៉េខាងត្បូងបានអះអាងថា មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង ទើបបាញ់សាកល្បងកាលពីព្រឹកថ្ងៃអង្គារនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក «SLBM» ដែលបាញ់ចេញពីនាវាមុជទឹក (ជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ខណៈប្រទេសជប៉ុនពីដំបូងឡើយបានអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល SLBM នេះរហូតដល់ទៅ ២គ្រាប់ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ក្រុមជំនាញកូរ៉េខាងត្បូងបានឲ្យដឹងថា គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងខាងលើនេះ បានហោះហើរក្នុងចម្ងាយចាប់ពី ៤៣០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រ។

ការបាញ់សាកល្បងមីស៊ីលលើកនេះ បានកើតមានឡើងចំពេលដែលកូរ៉េខាងត្បូង កំពុងតែរៀបចំពិព័រណ៌អំពីវិស័យអវកាស និងការពារជាតិ (ADEX) ដ៏ធំប្រចាំឆ្នាំ២០២១ ដែលមានតំណាងមកពីក្រុមហ៊ុនអន្តរជាតិរាប់រយក្រុមហ៊ុន និងតំណាងយោធាអន្តរជាតិផងដែរ កំពុងតែជួបជុំគ្នានៅទីក្រុងសេអ៊ូល។ ការធ្វើតេស្តលើកចុងក្រោយនេះ ក៏បានកើតមានឡើងចំពេលដែលមន្ត្រីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជួបប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់តាមមន្ត្រីយោធាកូរ៉េខាងត្បូងឲ្យដឹងថា គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ ស៊ីនផូ (Sinpo) ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ ម៉ោងទីក្រុងសេអ៊ូល។ កូរ៉េខាងជើងក៏ធ្លាប់បានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនប្រភេទរួចមកហើយ ចេញពីតំបន់នេះកាលពីលើកមុន។ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងទៀតថា ពួកគេកំពុងតាមដានស្ថានការណ៍លើកនេះ យ៉ាងដិតដល់ជាទីបំផុត ហើយក៏ត្រៀមខ្លួនដើម្បីសហការជាមួយសហរដ្ឋអាមេរិក នៅគ្រប់ពេលវេលាផងដែរ៕