(ប៉េកាំង)៖ តុលាការចិនបានសម្រេចផ្តន្ទាទោស អ្នកពាក់ព័ន្ធសរុបចំនួន ២០នាក់ ដាក់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ២០ឆ្នាំ នៅក្នុងករណីរលំអគារផ្ទុកអ្នកធ្វើចត្តាឡីស័ក កាលពីឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតមនុស្ស ២៩នាក់ និង ៥០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

កាលពីខែមីនា ឆ្នាំ២០២១ អគារសណ្ឋាគារមួយខ្នងឈ្មោះ ស៊ីនជា (Xinjia) ដែលមានសរុប ៦៦បន្ទប់ សម្រាប់ទទួលអ្នកធ្វើចត្តាឡីស័ករកជំងឺ COVID-19 ស្ថិតនៅទីក្រុង ក្វានចូវ (Quanzhou) ភាគខាងត្បូងប្រទេសចិន បានបាក់រលំចុះមកទាំងយប់ នៅពេលដែលអ្នកធ្វើចត្តាឡីស័ករាប់សិបនាក់ កំពុងស្ថិតនៅក្នុងនោះ។ ការបាក់រលំនេះ ត្រូវបានគេស្តីបន្ទោសទៅលើគុណភាពសំណង់ និងការភូតកុហកអំពីគុណភាពពីសំណាក់ម្ចាស់អគារ ខណៈមនុស្សជាច្រើននាក់ទៀត សុទ្ធតែបានជាប់ពាក់ព័ន្ធនៅក្នុងករណីដ៏រសើបនេះ។

គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលត្រូវបានផ្តន្ទាទោសទាំង ២០នាក់ខាងលើនេះ ម្ចាស់អគារឈ្មោះ យ៉ាង ជីឈាង (Yang Jinqiang) បានទទួលទោសធ្ងន់ជាងគេ ដោយត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំ ខណៈ ១២នាក់ទៀតត្រូវជាប់ពន្ធនាគារចាប់ពី ២ឆ្នាំកន្លះ ដល់ ១៣ឆ្នាំ។ ដោយឡែក ៧នាក់ផ្សេងទៀត គឺជាមន្ត្រីសាធារណៈដែលបានគប់គិតគ្នា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ។

ហេតុការណ៍បាក់រំលំអគារខាងលើនេះ បូករួមទាំងករណីបាក់រលំអគារនៅទីក្រុង ស៊ូចូវ (Suzhou) កាលពីខែកក្កដា ឆ្នាំ២០២១ ដែលបានផ្តាច់ជីវិតមនុស្ស ១៧នាក់ បានធ្វើឲ្យរដ្ឋាភិបាលចិនគិតគូរកាន់តែខ្លាំង អំពីការរឹតបន្តឹងច្បាប់សាងសង់អគារ តាមរយៈការកំណត់ចំនួនជាន់ និងកម្ពស់កំណត់ដែលត្រូវសាងសង់ និងជាពិសេសគឺការសុំច្បាប់អនុញ្ញាតយ៉ាងច្បាស់លាស់បំផុត ពីអាជ្ញាធរនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស៕