(ប៉េកាំង)៖ សភាចិននឹងពិចារណាលើច្បាប់ដាក់ពិន័យលើឪពុកម្តាយ ប្រសិនបើកូនៗក្នុងបន្ទុករបស់ពួកគេ បង្ហាញ «អាកប្បកិរិយាមិនល្អ»«ប្រព្រឹត្តបទឧក្រិដ្ឋនានា»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំក្នុងគ្រួសារ អាណាព្យាបាលនឹងត្រូវស្តីបន្ទោស និងបញ្ជាឱ្យឆ្លងកាត់កម្មវិធីណែនាំការអប់រំក្នុងគ្រួសារ ប្រសិនបើរដ្ឋរាជអាជ្ញារកឃើញ «អាកប្បកិរិយាអាក្រក់ ឬអំពើឧក្រិដ្ឋកម្ម» របស់កុមារ ដែលស្ថិតក្រោមការមើលថែរបស់ពួកគេនោះ បានប្រព្រឹត្ត។

លោក ហ្សាង ថាយវៃ (Zang Tiewei) អ្នកនាំពាក្យគណៈកម្មការកិច្ចការនីតិប្បញ្ញត្តិ ដែលស្ថិតនៅក្រោមសភាជាតិនៃប្រជាជនចិន (NPC) បាននិយាយថា «មានហេតុផលជាច្រើនដែលធ្វើឱ្យក្មេងជំទង់ប្រព្រឹត្តអំពើខុស ហើយកង្វះការអប់រំ ឬការអប់រំមិនសមរម្យក្នុងគ្រួសារ គឺជាបុព្វហេតុចម្បង»

សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំក្នុងគ្រួសារ ដែលនឹងត្រូវពិនិត្យឡើងវិញ នៅសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NPC នៅសប្តាហ៍នេះ ក៏ជំរុញឱ្យឪពុកម្តាយរៀបចំពេលវេលាសម្រាក លេងកម្សាន្ត និងហាត់ប្រាណ សម្រាប់កូនៗរបស់ពួកគេផងដែរឲ្យបានត្រឹមត្រូវផងដែរ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនៅឆ្នាំ២០២១នេះ បានដើរតួនាទីឲ្យដូចជាឪពុកម្ដាយរបស់ក្មេងតូចៗ ដោយព្យាយាមបំបាត់ការញៀនលេងហ្គេមអនឡាញរបស់ពួកគេ ដែលត្រូវបានគេចាត់ទុកដូចជាទម្រង់នៃ «ការញៀនអាភៀន»។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងអប់រំចិន បានកំណត់ពេលវេលាក្នុងការលេងហ្គេមអនឡាញសម្រាប់អនីតិជន ដោយអនុញ្ញាតឱ្យពួកគេលេងហ្គេមអនឡាញ តែរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ សម្រាប់ថ្ងៃសុក្រ សៅរ៍ និង អាទិត្យ នៅក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ៕