(ប៉េកាំង)៖ ថ្ងៃទី ១៨ ខែតុលា ស្ថាប័នផ្លូវការនៃប្រទេសចិនបានប្រកាស ទិន្នន័យដំណើរការសេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តាមការគណនាជាជំហានដំបូងបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន គឺ ៨២,៣១៣១ទ្រីលានប្រាក់យាន់ចិន កើនជាង ៩.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បើមើលពីទិន្នន័យលើវិស័យការប្រើប្រាស់ ផលិតកម្មឧស្សាហកម្ម ការវិនិយោគទ្រព្យសម្បត្តិថេរ ការប្រកបអាជីព និងប្រាក់ចំណូលរបស់ប្រជាជនជាដើមអាចឃើញថា សូចនាករម៉ាក្រូសំខាន់ៗក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះគឺស្ថិតក្នុងក្របខណ្ឌដ៏សមរម្យជាទូទៅ។ ប្រការនេះបានបង្ហាញថា សេដ្ឋកិច្ចចិនបានទប់ទល់ការប្រឈម និងការសាកល្បងជាច្រើនដោយមានប្រសិទ្ធភាព ដែលបានរក្សាការស្តារការអភិវឌ្ឍឡើងវិញជាបន្តបន្ទាប់ ល្បឿនកំណើនសេដ្ឋកិច្ចនៅតែឈរនៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គសេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោកដដែល។

អ្នកផងទាំងពួងអាចឃើញថា សមិទ្ធផលជាទូទៅនៃសេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បានតាំងមូលដ្ឋានដ៏ល្អប្រសើរសម្រាប់ត្រីមាសទីបួន។ បើមើលពីការប្រើប្រាស់អាចឃើញថា ការប្រកបអាជីវកម្មប្រកបដោយស្ថិរភាពជាទូទៅ និងកំណើនប្រាក់ចំណូលជាបន្តបន្ទាប់របស់ប្រជាជន នឹងមានអំណោយផលដល់ការបង្កើនសមត្ថភាពចំណាយ។ ព្រមពេលជាមួយគ្នានេះ កម្រិតកំណើននៃប្រាក់ចំណូលរបស់ប្រជាជន បានដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើមិនគិតពីកក្តាតម្លៃ នោះបានកើនឡើង ៩.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំកន្លងមក បានកើនឡើង ៥.១ភាគរយ ។

បើមើលពីវិស័យវិនិយោគអាចឃើញថា តាំងពីចូលឆ្នាំនេះមក ការវិនិយោគក៏បានលេចចេញនិន្នាការកែលម្អជាទូទៅផងដែរ ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ គិតជាមធ្យម ការវិនិយោគក្នុងឧស្សាហកម្មផលិតកម្មនៃប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បានកើនឡើង ៣.៣ភាគរយ។ ដោយឡែក ឆ្នាំនេះជាឆ្នាំទីមួយ នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី ១៤ គម្រោងសាងសង់សំខាន់ៗមួយចំនួន នឹងបើកការដ្ឋានជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលក៏បានពន្លឿនការដាក់ចេញ ប័ណ្ណបំណុលពិសេស ប្រការទាំងនេះក៏មានអំណោយផលដល់ការកើនឡើង នៃការវិនិយោគក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធផងដែរ។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ការស្តារសេដ្ឋកិច្ចចិនឡើងវិញជាបន្តបន្ទាប់ វាមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនជាគន្លឹះមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ព្រមពេលជាមួយគ្នានេះ ទីផ្សារចិនដែលមានភាពកាន់តែបើកទូលាយ ក៏បានផ្តល់ឱកាសកម្រមានដល់អ្នកវិនិយោគ នៅទូទាំងពិភពលោកផងដែរ។ ពីខែមករាដល់ខែសីហា ឆ្នាំនេះ ទុនបរទេសដែលប្រទេសចិនបានប្រើប្រាស់ជាក់ស្តែង បានកើនឡើង ២២.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ អ្នកវិនិយោគបរទេសបានបណ្តាក់ទុនពិតប្រាកដក្នុងប្រទេសចិន ដែលអាចបញ្ជាក់បន្ថែមទៀតថា អ្នកវិនិយោគនៅទូទាំងពិភពលោកមានចំណាប់អារម្មណ៍ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះទីផ្សារចិន។

នៅជំហានក្រោយ ប្រទេសចិននឹងមិនអន្ទះសា ហើយនឹងដើរ «ជំហាននីមួយៗ» ឱ្យបានល្អក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងន័យបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ បង្កើនកម្លាំងចលករនៃការអភិវឌ្ឍ និងបញ្ចេញ សក្តានុពលនៃតម្រូវការក្នុងស្រុកឥតឈប់ឈរ ដើម្បីធានាអះអាងឱ្យសម្រេចបាននូវគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំនៃប្រទេសចិន៕ (#CCFR Comment#)