(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥១,១៧៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៦០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៩០២,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤៦,៤១៥នាក់ និងជាសះស្បើយឡើងសរុប ៣៥.៥៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាសែត New York Times បានចេញផ្សាយនាដើមសប្តាហ៍នេះថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក កំពុងតែត្រៀមចេញការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ ឬ ដូសទី ៣» បន្ថែមទៀត បន្ថែមពីលើវ៉ាក់សាំងតែមួយម៉ាកនោះគឺ Pfizer-BioNTech ដែលត្រូវបានអនុម័តឲ្យប្រើសម្រាប់ដូសទី ៣ កាលពីខែតុលា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០៨លានដូស ក្នុងនោះប្រជាជន ២១៨.៨លាននាក់ (៦៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៩.១៤លាននាក់ (៥៧.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕