(ម៉ូស្គូ)៖ តំបន់ជាច្រើននៃប្រទេសរុស្ស៊ីនៅដើមសប្តាហ៍នេះ បានប្រកាសពីផែនការរក្សា ហាងកាហ្វេ សារមន្ទីរ និងកន្លែងសាធារណៈដទៃៗទៀត ឲ្យនៅបើកដំណើរការដដែល សម្រាប់តែចំពោះអ្នកដែលទើបជាសះស្បើយពីជំងឺ COVID-19, អ្នកដែលមានភស្តុតាងបញ្ជាក់ថា ខ្លួនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ ដោយប្រើប្រាស់វ៉ាក់សាំងរុស្ស៉ី ឬអ្នកដែលបានធ្វើតេស្ត «អវិជ្ជមាន» ប៉ុណ្ណោះ ខណៈករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ទីក្រុង សេន ភីធើស្បឺក (St. Petersburg) ជាទីក្រុងធំបំផុតទី ២ របស់ប្រទេសរុស្ស៊ី ដែលមានប្រជាជនប្រមាណ ៥លាននាក់ បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា មានតែអ្នកដែលស្កេន QR Code បង្ហាញថា ពួកគេបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ ដូចខាងលើនេះប៉ុណ្ណោះ ទើបនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង ហាងកាហ្វេ ឬភោជនីយដ្ឋាននានា ចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ខណៈអ្នកដែលចង់ចូលទៅក្នុង កន្លែងហាត់ប្រាណ អាងហែលទឹក និងរោងកុន នឹងតម្រូវឱ្យស្កេន QR Code ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះតទៅ។

តំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី ដែលបានដាក់កំហិតស្រដៀងគ្នានេះ ដែលតម្រូវឱ្យស្កេន QR Code រួមមាន តំបន់ បាស្កឺរីយ៉ា (Bashkiria), តំបន់ នីហ្សេហ្គោរ៉ូដ (Nizhegorod), ទីក្រុង ផឺម (Perm), ទីក្រុង សារ៉ាតូវ (Saratov) និងទីក្រុង ក្រាសដូណា (Krasdonar)។

វិធានការរឹតត្បឹតដែលត្រូវបានរចនាឡើង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានបង្កឱ្យមានប្រតិកម្មពីផ្នែកអាជីវកម្មជាច្រើនដែលរិះគន់ថា វិធានការនេះបានគំរាមកំហែងដល់ការបិទក្រុមហ៊ុនរាប់ពាន់ នៅក្នុងវិស័យឧស្សាហកម្ម-សេវាកម្ម។ គិតរហូតមកទល់ពេលនេះ មានតែប្រជាជនរុស្ស៉ីប្រហែល ៤៨លាននាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនរុស្ស៉ីសរុបប្រហែល ១៤៤លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ខណៈប្រហែល ៥១លាននាក់ទៀតបានទទួលការចាក់វ៉ាក់សាំងដូសទី១៕