(ប៉េកាំង)៖ ទីភ្នាក់ងារ Financial Times បានចុះផ្សាយដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះចំនួន៥ បាននិយាយថា ប្រទេសចិនបានសាកល្បងមីស៊ីលល្បឿនលឿនដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ កាលពីខែសីហាកន្លងទៅ ដោយបង្ហាញពីសមត្ថភាពមួយដែលធ្វើឱ្យស៊ើបការណ៍សម្ងាត់អាមេរិកភ្ញាក់ផ្អើល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ប្រភពបាននិយាយថា មីស៊ីលបានវិលជុំវិញផែនដីក្នុងគន្លងទាប មុននឹងបង្កើនល្បឿនឆ្ពោះទៅគោលដៅរបស់វា ដោយបង្ហាញសមត្ថភាពអវកាសកម្រិតខ្ពស់ដែលធ្វើឱ្យស៊ើបការណ៍អាមេរិកភ្ញាក់ផ្អើល។

របាយការណ៍បាននិយាយថា ការសាកល្បងនេះបង្ហាញពីការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលលើអាវុធដែលមានល្បឿនលឿន និងមានភាពជឿនលឿនរបស់ចិន ជាងអ្វីដែលមន្រ្តីអាមេរិកបានដឹង។

ក្រសួងការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើទូរសារសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះទេ។

សហរដ្ឋអាមេរិក និងរុស្ស៊ីក៏កំពុងអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនផងដែរកាលពីខែមុន ខណៈកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនដែលទើបបង្កើតថ្មី។

គួរបញ្ជាក់ថា ក្នុងក្បួនព្យុហយាត្រាឆ្នាំ២០១៩ ប្រទេសចិនបានបង្ហាញពីអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា DF-17 ផងដែរ៕