(មេកា)៖ វិហារដ៏ធំបំផុតរបស់អ៊ីស្លាមនៅទីក្រុងមេកា (Mecca) នៃប្រទេសអារ៉ាប៊ីសាអូឌីតបានដំណើរការពេញលេញវិញហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ ដោយសាសនិកអ៊ីស្លាមអាចថ្វាយបង្គុំនៅគៀកៗគ្នាបានជាលើកដំបូង ចាប់តាំងជំងឺកូវីដ១៩បានផ្ទុះរីករាលដាលមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា «អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តដើម្បីបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអនុញ្ញាតឱ្យអ្នកធម្មយាត្រា និងអ្នកទស្សនាអាចចូលទៅកាន់វិហារអ៊ីស្លាមធំ»

ខណៈពេលដែលវិធានការរក្សាគម្លាតសុវត្ថិភាពត្រូវបានលើកចេញ អាជ្ញាធរនៅតែណែនាំឲ្យអ្នកទស្សនាត្រូវតែទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ ហើយត្រូវបន្តពាក់ម៉ាស់នៅតាមបរិវេណវិហារ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីខែសីហាថា ខ្លួននឹងចាប់ផ្តើមបើកទ្វារប្រទេសទទួលជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ដើម្បីធ្វើបុណ្យអ៊ំរ៉ាតាមសាសនាអ៊ីស្លាមឡើងវិញ។ ប្រទេសអារ៉ាប់មួយនេះមានករណីឆ្លងកូវីដ១៩ សរុប ៥៤៧,០០០ករណី ក្នុងនោះស្លាប់៨,៧៦០នាក់៕