(ណៃពិដោ)៖ បើតាមការចេញផ្សាយដោយ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ចំនួន ៤លានដូសបន្ថែមទៀត ដែលប្រទេសមីយ៉ាន់ម៉ាបានបញ្ជាទិញ ត្រូវបានដឹកមកដល់ទីក្រុងរ៉ង់ហ្គូន (Yangon) នៃប្រទេសមីយ៉ាន់ម៉ាហើយ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២៦.៦លានដូសហើយ ដល់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះមាន ៥.៩លានដូស ត្រូវបានបរិច្ចាគដោយប្រទេសចិន។

គួរបញ្ជាក់ថា បើតាមតួលេខរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រហូតមកទល់ពេលនេះ ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៤៨៥,៦៤៦ករណីហើយ ក្នុងនោះមានអ្នកស្លាប់ ១៨,២៩៧នាក់ និងអ្នកជាសះស្បើយ ៤៣៧,៨៥៥នាក់៕