(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ១៥ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាបេសកជនពិសេស ទទួលបន្ទុកជំរុញការអប់រំរបស់កុមារី និងស្រ្តីនៃអង្គការយូណេស្កូ បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់អប់រំកុមារី និងស្រ្តីនៃអង្គការយូណេស្កូប្រចាំឆ្នាំ ២០២១ ព្រមទាំងបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

ជាបឋម លោកស្រី Peng Liyuan បានសម្តែងការអបអរចំពោះជ័យលាភី ដែលមកពីប្រទេសប្រេស៊ីល និងមូហ្សាំប៊ី។ លោកស្រីថ្លែងថា ការដែលប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការយូណេស្កូខាង ផ្នែករង្វាន់អប់រំកុមារី និងស្ត្រី ជាទីចាប់ផ្តើមថ្មីមួយ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់បុព្វការណ៍អប់រំកុមារី និងស្រ្តី។ រំពឹងថា សហគមន៍អន្តរជាតិកាន់តែយកចិត្តទុកដាក់ និងគាំទ្រការអប់រំកុមារី និងស្ត្រី ដើម្បីរួមចំណែកថ្មីសម្រាប់ការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។

លោកស្រី Peng Liyuan បានគូសបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ១៩ បន្តរីករាលដាលនៅទូទាំងពិភពលោក ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងច្បាស់លាស់ ចំពោះការអប់រំកុមារី និងស្ត្រី។ យើងត្រូវពុះពារឧបសគ្គ ចាត់វិធានការចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ការអប់រំដ៏យុត្តិធម៌ និងមានគុណភាពខ្ពស់ដល់ពួកគេ។

ចុងក្រោយ លោកស្រីបានសម្តែងថា ក្នុងនាមជាបេសកជនពិសេស ទទួលបន្ទុកជំរុញការអប់រំរបស់កុមារី និងស្រ្តី លោកស្រីរីករាយពួតដៃ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយអ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យកុមារកាន់តែច្រើន និងបងប្អូនស្រីកាន់តែច្រើនទទួលបានអនាគតដ៏ល្អបរវរ៕