(ហ្សាការតា)៖ មនុស្ស៣នាក់បានបាត់បង់ជិវិត និង៧នាក់ទៀតបានរងរបួស ក្រោយហេតុការណ៍រញ្ជួយដី បានកើតឡើងនៅកោះទេសចរណ៍ បាលី នៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

គ្រោះរញ្ជួយផែនដីខាងលើ ដែលមានកម្រិតត្រឹម៤.៨រ៉ិចទ័រ បានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រថ្ងៃសៅរ៍នេះ។ ចំណុចរំញ័ររបស់វា ស្ថិតនៅក្បែរតំបន់ការ៉ាន់ហ្គាសឹម (Karangasem) និងមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ កោះលុមបុក ដែលស្ថិតនៅក្បែរនោះ ក៏បានទទួលរងចំហាយឥទ្ធិពល នៃការញ័ររញ្ជួយរបស់វាផងដែរ។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍រញ្ជួយដីខាងលើបានកើតឡើង មនុស្ស២នាក់បានស្លាប់ នៅតំបន់បាង់លី (Bangli) និងម្នាក់ទៀតស្លាប់ នៅតំបន់ការ៉ាន់ហ្គាសឹម។ ចំណែកមនុស្ស៧នាក់ បានរងរបួស និងកំពុងទទួលការសង្រ្គោះព្យាបាល។ ជាមួយគ្នានេះ ផ្ទះសម្បែងជាច្រើនខ្នង ក៏បានរងការខូចខាតផងដែរ៕