Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ក្រុមអវកាសយានិកចិន ជិះយាន Shenzhou-13 ទៅដល់ស្ថានីយអវកាស ដោយសុវត្ថិភាព (Video inside)

16-10-2021 11:14

(ប៉េកាំង)៖ ក្រោយធ្វើដំណើរឡើងពីផ្ទៃផែនដី កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃសៅរ៍នេះ យាន ហ្សិនចូវ ១៣ (Shenzhou-13) បានចូលចត នៅឯបន្ទប់ស្ថានីយអវកាស Tianhe ដោយជោគជ័យ ជាមួយក្រុមអវកាសយានិកចិន ដែលនឹងត្រូវស្នាក់នៅទីនោះរយៈពេលដល់ទៅ៦ខែ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

យាន Shenzhou-13 ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-2F ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) ស្ថិតក្នុងតំបនវាលខ្សាច់ ហ្គោពី (Gobi) នៃខេត្ត កាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន កាលពីវេលាម៉ោង ១២៖២៣នាទី អធ្រាត្រ (ម៉ោងនៅទីក្រុងប៉េកាំង)។ មានអវកាសយានិកចិនទាំង៣រូប មានដូចជា លោក ចាយ ជីហ្គាង (Zhai Zhigang) អាយុ ៥៥ឆ្នាំ, លោកស្រី វ៉ាង យ៉ាងពីង (Wang Yaping) អាយុ ៤១ឆ្នាំ និងលោក យែ ក្វាងហ្វ៊ូ (Ye Guangfu) អាយុ ៤១ឆ្នាំ។

បេសកកម្មយាន Shenzhou-13 គឺជាបេសកកម្មទី៥ ក្នុងកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១ នៅពេលកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានបញ្ជូនឡើងទីអវកាស។ វាក៏ជាបេសកកម្មបញ្ជូនមនុស្សជើងទី ២ ផងដែរ ដោយក្រុមអវកាសយានិកជើងទី ១ ទើបតែបានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីពាក់កណ្តាលខែមុន ក្រោយបំពេញបេសកកម្មរយៈពេល ៩០ថ្ងៃ។

មកទល់ពេលនេះ ប្រទេសចិនចេញបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ទីអវកាស ចំនួន៨ជើងហើយ បើគិតចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលចិនក្លាយជាប្រទេសទី ៣ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) និងសហរដ្ឋអាមេរិក ដែលបានសម្រេចរឿងបែបនោះដោយខ្លួនឯង៕