ប៉ូលិសអូស្ត្រាលីរឹបអូសបានគ្រឿងញៀនតម្លៃជាង ១០០លានដុល្លារ និងចាប់ខ្លួនជនជាតិម៉ាឡេស៉ីម្នាក់, នេះជាការបង្ក្រាបដ៏ធំបំផុតមិនធ្លាប់មាន (Video inside)
16-10-2021 11:00
(មែលប៊ន)៖ ប៉ូលិសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ពួកគេបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ដែលមានតម្លៃប្រមាណ ១០៤លានដុល្លារអាមេរិក និងបានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ ពីបទនាំចូលគ្រឿនញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។
ប៉ូលិសអូស្ត្រាលីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿនញៀនប្រភេទ Heroin ដែលមានទម្ងន់សរុប ៤៥០គីឡូក្រាម ត្រូវបានរកឃើញក្នុងទូកុងតឺន័រ នៅលើនាវាដឹកទំនិញតាមសមុទ្រមួយគ្រឿង ដែលត្រូវបានបញ្ជូនពីប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្រ្តាលី។
គួរបញ្ជាក់ថា ប៉ូលិសអូស្ត្រាលីមិនបានប្រាប់ឈ្មោះបុរស ដែលត្រូវចាប់ខ្លួននោះទេ។ យ៉ាងណាក៏ដោយ បុរសរូបនោះត្រូវបានចោទប្រកាន់ពីបទនាំចូល និងប៉ុនប៉ងកាន់កាប់គ្រឿងញៀនខុសច្បាប់ ដែលអាចនឹងត្រូវទទួលទោស ដាក់ពន្ធនាគារអស់មួយជីវិត។
ប៉ូលិសអូស្ត្រាលីបានធ្វើការប៉ាន់ប្រមាណជាភាគរយថា ការស្ទាក់ចាប់គ្រឿនញៀនប្រភេទ Heroin ចំនួន «៤៥០គីឡូក្រាម» ខាងលើនេះបានជួយសង្គ្រោះ ជីវិតមនុស្សចំនួន «២២៥នាក់» ដោយផ្អែកលើការគណនាថា យ៉ាងហោចណាស់មនុស្សម្នាក់នឹងត្រូវស្លាប់ នៅក្នុងប្រទេសដីកោះដ៏ធំធេងនេះ នូវរាល់ការប្រើប្រាស់គ្រឿនញឿនប្រភេទ Heroin ចំនួន «២គីឡូក្រាម»៕