ធនាគារពិភពលោកសង្ឃឹមថា ចិននឹងបង្កើនការបរិច្ចាគថែមទៀត ដល់មូលនិធិសម្រាប់ប្រទេសក្រីក្រ (Video inside)
15-10-2021 15:09
(វ៉ាស៉ីនតោន)៖ ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (Davil Malpass) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសចិននឹងបង្កើនការបរិច្ចាគរបស់ខ្លួនថែមទៀត ដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់បណ្តាប្រទេសក្រីក្រ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។
លោក ម៉ាល់ប៉ាស់ បាននិយាយថា លោកបានទាក់ទងទៅកាន់ប្រទេសចិន រុស្ស៉ី តួកគី ចក្រភពអង់គ្លេស ព្រមទាំងប្រទេសម្ចាស់ជំនួយដទៃៗទៀត ស្របពេលដែលធនាគារពិភពលោក កំពុងព្យាយាមរៃអង្គាសថវិកាឲ្យបានប្រមាណ ១០០ពាន់លានដុល្លារ សម្រាប់មូលនិធិ IDA នៅមុនដំណាច់ឆ្នាំ២០២១នេះ។ លោក ម៉ាល់ប៉ាស់ បានបន្ថែមថា សេដ្ឋកិច្ចចិនមានសន្ទុះកើនឡើងវិញគួរឲ្យកត់សម្គាល់ ដូច្នេះហើយលោកសង្ឃឹមថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចបង្កើនការបរិច្ចាគឲ្យកាន់តែប្រសើរថែមទៀតដល់មូលនិធិ IDA។
យោងតាមលោកប្រធានធនាគារពិភពលោក គោលដៅថវិកា១០០ពាន់លានដុល្លារខាងលើ គឺជាតម្រូវការចាំបាច់ ដើម្បីដោះស្រាយដំណើរថយក្រោយនៃការអភិវឌ្ឍ ដែលបង្កឡើងដោយវិបត្តិ COVID-19។ ធនាគារអភិវឌ្ឍអន្តរជាតិនេះ កំពុងព្យាករថា ពិភពលោក នឹងទទួលបានកំណើនសេដ្ឋកិច្ច៥ .៧ភាគរយ ក្នុងឆ្នាំ២០២១ និង៤.៤ភាគរយ នៅក្នុងឆ្នាំ២០២២៕