(វ៉ាស៊ីនតោន)៖ ក្រុមគណៈកម្មាធិការជំនាញមួយនៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានបោះឆ្នោតអនុម័តជាឯកច្ឆន្ទនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើការផ្ដល់អនុសាសន៍ចាក់ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna សម្រាប់អ្នកមានអាយុ ៦៥ឆ្នាំឡើងទៅ ព្រមទាំងអ្នកដែលងាយរងគ្រោះបំផុតនឹងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

ក្រុមគណៈកម្មាធិការជំនាញរបស់ FDA បានបោះឆ្នោតគាំទ្រលើការចាក់ដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna ក្នុងសំឡេង ១៩ ទល់នឹង ០សំឡេង ហើយតាមរយៈការអនុម័តនេះ គណៈកម្មាធិការក៏មានគម្រោងពិចារណាផងដែរថាគួរតែផ្ដល់អនុសាសន៍ដូចគ្នានេះដែរឬក៏យ៉ាងណាចំពោះវ៉ាក់សាំង ក្រុមហ៊ុន Johnson & Johnson នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា ប្រសិនបើរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តលើការចាក់ដូសជំរុញដោយប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna, នោះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) អាចនឹងផ្ដល់អនុសាសន៍ជាក់លាក់មួយថាតើនរណាខ្លះគួរតែត្រូវចាក់ដូសជំរុញ ខណៈក្រុមទីប្រឹក្សា CDC គ្រោងនឹង បើកកិច្ចពិភាក្សានៅសប្ដាហ៍ក្រោយ៕