(ប៉េកាំង)៖ ទិន្នន័យស្ថិតិថ្មីបំផុតដែលអគ្គនាយកដ្ឋានគយជាតិចិន ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលទំនិញ បានឡើងដល់ ២៨.៣៣ទ្រីលានប្រាក់យាន់ចិន កើនជាង២២.៧ភាគរយ ប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ការនាំចេញនិងនាំចូលបានកើនឡើង ២២.៧ភាគរយ និង២២.៦ភាគរយដោយឡែកពីគ្នា។ បើមើលពីត្រីមាសនីមួយៗ អាចឃើញថា ទំហំនាំចេញនាំចូលរបស់ប្រទេសចិ នបានកើនឡើងជាសន្សឹមៗ ព្រមទាំងបន្តរក្សាកំណើនយ៉ាងឆាប់បង្គួរតទៅទៀត។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន មានភាពធន់ខ្លាំងបង្គួរ និន្នាការល្អប្រសើរជាទូទៅមិនកែប្រែទេ។

ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិន ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ មូលហេតុសំខាន់គឺដោយមកការងើបឡើងវិញជាបន្តបន្ទាប់ របស់សេដ្ឋកិច្ចក្នុងស្រុកចិន បានតាំងមូលដ្ឋានដ៏រឹងមាំដល់ កំណើនពាណិជ្ជកម្មជាមួយក្រៅប្រទេសជាបន្តបន្ទាប់។ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ សន្ទស្សន៍សំខាន់ៗនៃសេដ្ឋកិច្ចជាតិចិនសុទ្ធតែបានរក្សាកំណើន។ ផលិតកម្មនិងតម្រូវការខាងចំណាយក្នុងស្រុក បានផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លា និងប្រកបដោយស្ថិរភាពដល់ការកើនឡើង នៃពាណិជ្ជកម្មជាមួយក្រៅប្រទេស។ ជាងនេះទៅទៀត និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ ប្រការនេះបាននាំមកនូវការប៉ាន់ប្រមាណវិជ្ជមាន និងជំនឿចិត្តក្នុងរយៈពេលយូរដល់ទីផ្សារអន្តរជាតិ ហើយក៏មានអំណោយផលដល់ការស្តារឡើងវិញ ប្រកបដោយស្ថិរភាពនៃពាណិជ្ជកម្មនាំចេញនាំចូលផងដែរ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានគ្រោងគោលនយោបាយ ប្រកបដោយប្រសិទ្ធភាពជាច្រើន។ តាំងពីចូលឆ្នាំនេះមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់លំនឹងពាណិជ្ជកម្មជាមួយក្រៅប្រទេស ក្នុងនោះបូករួមទាំងការពន្លឿន ការអភិវឌ្ឍមុខរបរនិងរូបមន្តថ្មី នៃពាណិជ្ជកម្មជាមួយក្រៅប្រទេស ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ នៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែន ធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មនៅច្រកដែនមានសុក្រឹតភាព និងជំរុញកំណែទម្រង់និងការច្នៃប្រឌិតថ្មី នៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ នៅតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីជាដើម។ បច្ចុប្បន្ននេះ គោលនយោបាយទាំងនេះ បាននិងកំពុងដើរតួនាទីវិជ្ជមានជាបណ្តើរៗ ។

ក្រៅពីនេះ ការកែលម្អបរិយាកាសអន្តរជាតិ ក៏បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនដែរ។ នាពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាសកលមានភាពល្អឡើងវិញ តម្រូវការលើផ្ទៃអន្តរជាតិ ក៏បានកើនឡើងជាសន្សឹមផងដែរ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា ល្បឿនកំណើននៃសេដ្ឋកិច្ចជាសកល ក្នុងឆ្នាំ២០២១គឺ ៥.៩ភាគរយ រីឯអង្គការពាណិជ្ជកម្មពិភពលោកបានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មទំនិញនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ នឹងកើនឡើង១០.៨ភាគរយ។

ដោយមកពីបច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានភាពមិនប្រាកដប្រជា សេដ្ឋកិច្ចពិភពលោក បានងើបឡើងវិញយ៉ាងលំបាកលំបិន ដូច្នេះការអភិវឌ្ឍពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិន នៅតែប្រឈមនឹងកក្តាអស្ថិរភាព និងមិនប្រាកប្រជាជាច្រើនដដែល។ អគ្គនាយកដ្ឋានគយជាតិចិន បានប៉ាន់ប្រមាណថា ដោយមកពីគិតពិចារណាដល់ ឥទ្ធិពលពីសន្ទស្សន៍ដ៏ខ្ពស់បង្គួរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសនៅឆ្នាំ២០២០ បានជា ល្បឿនកំណើននាំចេញនាំចូល ក្នុងត្រីមាសទីបួនឆ្នាំនេះ ប្រហែលនឹងធ្លាក់ចុះខ្លះ ប៉ុន្តែនោតែមានការរំពឹងថាអាចសម្រេចបាន នូវកំណើនលឿនបង្គួរក្នុងពេញមួយឆ្នាំដដែល។ អាចប៉ាន់ប្រមាណថា ដោយមកពីសភាពការណ៍ដ៏ល្អប្រសើរ នៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែទេ ដូច្នេះនិន្នាការអភិវឌ្ឍន៍នៃពាណិជ្ជកម្មជាមួយ ក្រៅប្រទេសរបស់ចិននឹងមានទីបង្អែកដ៏ល្អប្រសើរ ហើយមានលក្ខណៈសម្បតិ្តសម្រេចបាន នូវការកើនឡើងដោយភាពនឹងនរ និងលើកកម្ពស់លំដាប់ថ្នាក់ ៕