(ន័រវែស)៖ មន្រ្តីប៉ូលិសនៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន ០៥នាក់ និងបានបង្កឱ្យមនុស្ស ចំនួន ០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស ប៉ុន្តែជនសង្ស័យ ត្រូវបានចាប់ខ្លួនហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

មូលហេតុនៃការវាយប្រហារដែលបានកើតឡើងនៅទីតាំងជាច្រើននៅកណ្តាលទីក្រុង កុងស្បឺគ (Kongsberg) បៃប្រទេសន័រវែស មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈមន្រ្តីប៉ូលិសបាននិយាយថា អំពើភេរវកម្មមិនទាន់អាចត្រូវបានច្រានចោលឡើយ។

មន្រ្តីប៉ូលិសក្នុងតំបន់ លោក អយវីនដ៍ អាស់ (Oyvind Aas) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាអកុសល មនុស្សចំនួន ០៥នាក់បានស្លាប់ ហើយ អ្នករងរបួសចំនួន ០២នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ តែជីវិតរបស់ពួកគេហាក់ដូចជាមិនមានគ្រោះថ្នាក់អ្វីនោះទេ»។ អ្នករងរបួសម្នាក់ គឺជាមន្រ្តីប៉ូលិសម្នាក់ ដែលបានស្ថិតនៅក្នុងហាងមួយជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលត្រូវបានវាយប្រហារ។

លោក Oyvind Aas បានបន្ថែមថា «បុរសដែលប្រព្រឹត្តិការវាយប្រហារនេះ ត្រូវបានចាប់ខ្លួនដោយក្រុមមន្រ្តីប៉ូលិសហើយ បើយោងតាមព័ត៌មានរបស់យើង ហើយមានតែ មនុស្សម្នាក់ប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយយើងក៏កំពុងវាយតម្លៃដែរថា តើនេះជាការវាយប្រហារភេរវកម្ម ឬយ៉ាងណា»

គួរបញ្ជាក់ថា បើតាមមន្រ្តីប៉ូលិស ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Drammen ដែលស្ថិតនៅក្បែរនោះដោយមិនបានផ្តល់ព័ត៌មានលំអិតអំពីបុរស នោះទេ រួមទាំងថាតើគាត់ធ្លាប់ត្រូវបានអាជ្ញាធរតាមដានពីមុនដែរ ឬយ៉ាងណា។ មន្រ្តីប៉ូលីសត្រូវបានគេជូនដំណឹងអំពីការវាយប្រហារនេះនៅវេលាម៉ោង ០៦៖១៣នាទីល្ងាច នៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ២៥,០០០នាក់ ដែលស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានី Oslo ប្រទេសន័រវែស។ ជនសង្ស័យត្រូវ បានចាប់ខ្លួននៅវេលាម៉ោង ០៦៖៤៧នាទីល្ងាច៕