ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)
13-10-2021 13:34
(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,០៦៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៤៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,៩៨៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៧៤០,៤២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,៩១៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៦១៥,៣៤៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៦១.២លានដូស ក្នុងនោះប្រជាជន ២៣.៩៣លាននាក់ (៣៤.២១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕