(ម៉ូស្គូ)៖ រុស្ស៊ីនឹងធ្វើតេស្ដវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V របស់ខ្លួននៅក្រោមទម្រង់ជា «វ៉ាក់សាំងស្ព្រាយបាញ់ច្រមុះ» លើក្រុមអ្នកស្ម័គ្រចិត្ត ខណៈលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ទើបបានអំពាវនាវឱ្យបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសដែលមានប្រជាជនជាង ១៤០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

បើតាមឯកសារមួយចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលរុស្ស៊ី, វ៉ាក់សាំងស្ព្រាយបាញ់ច្រមុះខាងលើ នឹងត្រូវប្រើប្រាស់ក្នុងកម្រិត ២ដូសនៅក្នុង ការធ្វើតេស្ដលើមនុស្សនៅឯទីក្រុង សេន ភីធើស្បឺក (St Petersburg)។ ប៉ុន្តែឯកសារនេះដដែល មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ នៃការធ្វើតេស្ដខាងលើនេះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការបង្កើនល្បឿន យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ស្របពេលរុស្ស៊ីកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 សាជាថ្មី។ បើតាម worldometers រុស្ស៊ីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៧.៨៣លាននាក់ ក្នុងនោះស្លាប់ ២១៨,៣៤៥នាក់ និងជាសះស្បើយឡើងវិញ ៦.៨៩លាននាក់៕