(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់ អង្គការសហប្រជាជាតិ (COP26) នៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅក្នុងខែវិច្ឆិកាខាងមុខនេះ ត្រូវតែជាចំណុចរបត់មួយ សម្រាប់សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

អគ្គលេខាធិការ UN បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៦ នៃសម្ពន្ធរដ្ឋមន្រ្តីហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ តាមរយៈសារជាវីដេអូមួយថា «COP26 ត្រូវតែជាចំណុចរបត់មួយ ប្រសិនបើយើងបំពេញតាមការសន្យា ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកំណត់ការឡើងកម្តៅផែនដី.... ដើម្បីការពារប្រជាជនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាថាលំហូរហិរញ្ញវត្ថុទាំងអស់ ស្របគ្នាជាមួយគោលដៅ នៃការបំភាយឧស្ម័នពុលក្នុងកម្រិតសូន្យ និងការអភិវឌ្ឍប្រកបដោយចីរភាព»

លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថា ខណៈកិច្ចប្រជុំ COP26 កាន់តែខិតជិតមកដល់ លោកនៅតែមានការព្រួយបារម្ភយ៉ាងពិតប្រាកដ ចំពោះការខ្វះភាពរីកចម្រើន ទៅលើអាទិភាពទាំងនេះ។ លោក Guterres បានថ្លែងថា កញ្ចប់នយោបាយដែលនឹងត្រូវផ្តល់ជូន នៅក្នុងសន្និសីទទីក្រុង Glasgow ត្រូវការយ៉ាងតិចមានធាតុសំខាន់បីយ៉ាង នោះគឺការកាត់បន្ថយការបំភាយឧស្ម័នពុល, ការផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ និងការបន្សាំអាកាសធាតុ។

ដោយសារជំងឺរាតត្បាតសកល COVID-19 និងការប្រែប្រួលអាកាសធាតុ បង្កឱ្យមានបញ្ហាប្រឈមថ្មីៗ និងប្លែកៗសម្រាប់ប្រទេសមានចំណូលទាប និងមធ្យម លោកអគ្គលេខាធិការ UN បានស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំខាងលើនេះ ពិនិត្យឡើងវិញនូវកម្រិតនៃទទួលបានជំនួយអភិវឌ្ឍផ្លូវការ ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រទេសទាំងនោះ៕