(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែតុលានេះថា ប្រទេសរុស្ស៊ីត្រូវការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈប្រទេសនេះបានបំបែកកំណត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សមាជិកសភាដែលទើបជាប់ឆ្នោតថ្មី លោក ពូទីន បានជំរុញឱ្យពួកគេគាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាជនទទួលបានការចាក់វ៉ាក់សាំងកាន់តែច្រើន។

លោក ពូទីន បានប្រាប់សមាជិកសភាថា «ការចាក់វ៉ាក់សាំងអាចការពារមនុស្សពីការឆ្លងរោគ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ...យើងចាំបាច់ត្រូវល្បឿនយុទ្ធនាការមួយនេះឲ្យបានឆាប់រហ័សជាងនេះ»

វិមានក្រឹមឡាំងបានស្តីបន្ទោសការកើនឡើង នៃករណីស្លាប់ និងឆ្លងចំពោះភាពយឺតយ៉ាវ នៃការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានអភិវឌ្ឍយ៉ាងលឿនរហ័ស និងបានដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik របស់ខ្លួន នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងកាលពីឆ្នាំមុន។ ប៉ុន្តែអត្រាប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងនៅមានតិចតួចនៅឡើយ ដ្បិតថាប្រជាជនមិនសូវមានទំនុកចិត្តទៅលើផលិតផលវេជ្ជសាស្ត្រថ្មីនេះ៕