Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តៃវ៉ាន់ស្នើឲ្យអូស្រ្តាលីជួយគាំទ្រ ការព្យាយាមចូលជា សមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP (Video inside)

12-10-2021 14:36

(ស៉ីដនី)៖ តំណាងកោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានស្នើឲ្យអូស្រ្តាលី ជួយគាំទ្រចំពោះការដាក់ពាក្យរបស់ខ្លួន ដើម្បីចូលជាសមាជិក កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CPTPP ខណៈចិនក៏បានស្នើសុំចូលរួម ក្នុងកិច្ចព្រមពៀងនេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

លោក អេលៀត ឆាង (Elliott Charng) ដែលជាអ្នកតំណាងការិយាល័យសេដ្ឋកិច្ច និងវប្បធម៌កោះតៃវ៉ាន់ បានលើកឡើងដូចខាងលើ ចំពោះមុខគណៈកម្មាធិការមួយនៃសភាអូស្រ្តាលី។ បើតាមលោក Charng ការគាំទ្រចំពោះតៃវ៉ាន់ ក៏ជាសាររឹងមាំមួយផ្ញើទៅកាន់ បណ្តាក្រុមហ៊ុនអូស្រ្តាលី ដែលបានរងផលប៉ះពាល់ ពីការធ្វើពហិការរបស់ចិនចំពោះផលិតផលអូស្រ្តាលីផងដែរ។ អ្នកតំណាងកោះតៃវ៉ាន់រូបនេះ បានបន្តថា តៃវ៉ាន់ថែមទាំងអាចជួយជំរុញលំហូរពាណិជ្ជកម្មបច្ចេកវិទ្យា ក៏ដូចជាតម្រូវការសម្រាប់ធនធានរ៉ែ របស់អូស្រ្តាលីទៀតផង។

គួរបញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ទើបបណ្ដាប្រទេសជាសមាជិកនៅសេសល់ចំនួន១១ រួមមានអូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម រួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP នេះឡើង។

ចក្រភពអង់គ្លេស ចិន និងតៃវ៉ាន់ បានដាក់ពាក្យដើម្បីស្នើសុំចូលរួម កិច្ចព្រមព្រៀង CPTPP ប៉ុន្តែមិនទាន់មានការសម្រេចនៅឡើយទេ។ យោងតាមគោលការណ៍ សមាជិក CPTPP ទាំងអស់ ត្រូវតែអនុម័តជាឯកច្ឆន្ទ ដើម្បីទទួលស្គាល់សមាជិកថ្មី។ គណៈកម្មារធិការខាងលើ នឹងជាអ្នកផ្តល់អនុសាសន៍សម្រាប់ការឆ្លើយតបរបស់អូស្រ្តាលី៕