(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥០,៤៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៣១៣ ,៣៥៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៣៤,៦១១នាក់ និងជាសះស្បើយឡើងសរុប ៣៤.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០២លានដូស ក្នុងនោះប្រជាជន ២១៦.៨៩លាននាក់ (៦៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៧.២១លាននាក់ (៥៦.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ គិតត្រឹមចុងសប្តាហ៍មុន ទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកសរុបជិត ៧លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)៕