(ប៉េកាំង)៖ ស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ដោយសារការរាតត្បាតជាសកលនៅមេរោគកូវីដ១៩ ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ពាល់ដែរដូចជា វិស័យឧស្សាកម្ម ទេសចរណ៍ សំណង់និងអចលនទ្រព្យ កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក៏ប៉ុន្តែសំរាប់កម្ពុជានៅមានវិស័យសំខាន់ៗមួយចំនួន ជាចន្ទល់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចដែរដូចជា៖ វិស័យកសិកម្ម នៅតែមានភាពល្អប្រសើរជាងវិស័យផ្សេងៗទៀត ដែលបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបប្រមាណជា ២៥% រហូតរក្សាបានការនាំចេញទៅក្រៅប្រទេសថែមទៀតផង។

បើនិយាយអំពីវិស័យទេសចរណ៍វិញឃើញថា ទទួលរងប៉ះពាល់ខ្លាំងជាងវិស័យផ្សេងៗទៀត ពីព្រោះក្នុងបរិបទកូវីដ១៩នេះពុំមានអ្នកទេសចរដើរកំសាន្ត ព្រមទាំងការអនុវត្តវិធានការតឹងរ៉ឺងក្នុងការបិទប្រទេស រឺផ្អាកជើងហោះហើរសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដជាដើម។ ដូច្នេះបានធ្វើឱ្យអ្នកដែលទទួលរងផលប៉ះពាល់ពីវិបិត្តនេះរួមមាន៖ អ្នកផ្ដល់សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានប្រមាណជា ៩០% បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន រយៈពេលយូរខែមកហើយ។ ក្រៅពីនេះអ្នកពាក់ព័ន្ធប្រយោល ដែលទទួលបានប្រយោជន៍ពីនេះមានបុគ្គលិក កម្មករបម្រើក្នុងវិស័យនេះរាប់ម៉ឺននាក់ ក៏បាត់បង់ការងារធ្វើរួមទាំងគ្មានប្រាក់ចំណូលថែមទៀត ចុងក្រោយគឺប៉ពាល់ដល់ចំណូលសេដ្ឋកិច្ចជាតិ ពីវិស័យទេសចរណ៍តែម្ដង។

មុនពេលដែលពិភពលោកពុំទាន់មានជំងឺរាតត្បាតកូវីដកើតទ្បើង យើងបានមើលឃើញថា ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ពោរពេញដោយស្នាមញញឹម និងមានសេរីភាពក្នុងការដើរទេសចរណ៍តាមប្រទេស និងតំបន់ផ្សេងៗ ក៏ប៉ុន្តែពេលដែលមានជំងឺនេះកើតទ្បើង ទោះបីជាអ្នកមានរឺអ្នកក្រក៏ដោយ គឺត្រូវបានកាត់ផ្ដាច់គ្មានការយោគយល់ ពុំអាចដើរទេសចរណ៍បានទ្បើយ ក្នុងបរិបទនេះអ្វីដែលសំខាន់គឺការរក្សាអាយុជីវិតរបស់ខ្លួន និងត្រូវយកឈ្នះលើមេរោគចង្រៃ ស្របពេលដែលចំនួនអ្នកស្លាប់ កើនទ្បើងរាប់លាននាក់មកដល់ពេលនេះ។

និយាយដោយទ្បែកពីប្រទេសកម្ពុជា មុនមានមេរោគកូវីដរាតត្បាតកើតទ្បើង យើងទទួលបានភ្ញៀរទេសចរអន្តរជាតិចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្ពុជានៅតាមតំបន់ទេសចរណ៍ផ្សេងៗនៃរាជធានីខេត្ត ដែលកំពុងមានសក្ដានុពលទាំងបែបទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍បែបធម្មជាតិទាំងការច្នៃប្រឌិត ដែលបានទាក់ទាញទេចរបរទេសមកទស្សនាកម្ពុជា។
ក្នុងន័យនេះបើនិយាយអំពីចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៩កន្លងទៅយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីកន្លងទៅបង្ហាញថា ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នានេះ ភ្ញៀវទេសចរចិន នៅតែរក្សាតំណែងលេខ ១ ដដែលក្នុងចំណោមទេសចរប្រទេសផ្សេងទៀត។

ជាក់ស្តែងក្នុងឆ្នាំ ២០១៨ ទេសចរចិនមកម្ពុជាមានរហូតជាង ២លាននាក់ ហើយបន្ទាប់ពីចិនគឺទេសចរវៀតណាមមាន ៨០ម៉ឺននាក់, ឡាវជាង ៤២ម៉ឺននាក់, ថៃជាង ៣៨ម៉ឺននាក់, កូរ៉េ ៣០ម៉ឺននាក់, សហរដ្ឋអាមេរិក ២៥ម៉ឺននាក់, ជប៉ុន ២១ម៉ឺននាក់, ម៉ាឡេស៊ី ២០ម៉ឺននាក់, បារាំង ១៧ម៉ឺននាក់ និងអង់គ្លេស ១៦ម៉ឺននាក់។

ក្រសួងទេសចរណ៍បានរំពឹងថា ឆ្នាំ២០២០កម្ពុជានឹងទទួលបានទេសចរចិនកើនទ្បើងជាង ៣លាននាក់ក៏ប៉ុន្តែគួរឲ្យសោកស្ដាយយ៉ាងខ្លាំង ដោយសារជំងឺកូវីដ១៩បានធ្វើឲ្យការរំពឹងទុកនេះ ត្រូវបានខកចិត្តទៅវិញ។

ទន្ទឹមនឹងក៏នេះមានសំណួរចោទសួរថា «តើក្រោយវិបត្តិកូវីដ១៩ ទេសចរចិនអាចជួយស្ដារ វិស័យទេសចរណ៍របស់កម្ពុជាបានដែរឬទេ?» ពិតណាស់ត្រង់សំណួរនេះយើងបានមើលឃើញរួចទៅហើយ អំពីតួលេខចំនួនភ្ញៀវទេសចរចិននាឆ្នាំកន្លងទៅ ស្របតាមប្រសាសន៍របស់រដ្ឋមន្រ្តីទេសចណ៍ឯកឧត្តម ថោង ខុន បានឲ្យដឹងថា៖ សម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ ដែលធ្វើដំណើរកម្សាន្ដនៅកម្ពុជាម្ដង ជាទូទៅអាចចំណាយជាមធ្យមប្រមាណ ៧០០ដុល្លារ ក្នុងនោះទេសចរជនជាតិចិន អាចមានការចំណាយលើសពីចំនួននេះទៅទៀត។ ដូចនេះដើម្បីទាក់ទាញបានភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើននោះ កម្ពុជាក៏ត្រូវការពង្រឹងវិស័យទេសចរណ៍នេះ ឲ្យកាន់តែសម្បូរបែប បង្កើតផលិតផលថ្មីៗ ច្នៃរបស់ចាស់កាន់តែទាក់ទាញថែមទៀត ប្រកបដោយនវានុវត្តន៍។

ទេសចរចិនគឺជាកត្តាលីករដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការស្ដារវិស័យទេសចរណ៍ រួមចំណែកកសាងសង្គមសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនកើនទ្បើងវិញក្រោយវិបត្តិកូវវីដបញ្ចប់ទៅ។

ជារួមបើទោះបីជាកូវីដ១៩ ពុំទាន់បញ្ចប់ក្ដីក៏បានផ្ដល់ឱកាសមួយប្រសើរដល់ម្ចាស់អាជីវកម្ម និងវិនិយោគិនក្នុងការកែច្នៃ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនក្នុងពេលនេះដែរ ដូចជាខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងកែប្រែមុខមាត់ថ្មីយ៉ាងស្រស់ស្អាត ទាំងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផែនការមេក្នុងការអភិវឌ្ឍន៍ខេត្តនេះថែមទៀតផង ហើយខេត្តនេះទទួលបានទេសចរណ៍ចិន និងវិនិយោគិនច្រើនជាងគេក្នុងចំណោមខេត្តនានាទៀត ដែលមានពលរដ្ឋចិនកំពុងប្រកបអាជីវកម្មទីនោះ ហើយកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយវិបិត្តកូវីដបញ្ចប់ នឹងមានទេសចរចិន និងវិនិយោគចិនកាន់តែច្រើនបន្ថែមទៀត មកវិនិយោគនិងមកកម្សាន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា ឧហ្សាហកម្មគ្មានផ្សែង ជាមាសបៃតងក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ស្របពេលឆ្នាំ២០១៩កន្លងទៅ យើងរកបានចំណូលពីវិស័យទេចរណ៍នេះប្រមាណជិត ៥ពាន់លានដុល្លារ កើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ហើយនៅឆ្នាំ២០២១នេះ កម្ពុជាត្រូវបានប៉ាន់ប្រមាណ នៃការខាតបង់ទឹកប្រាក់ពីវិស័យនេះប្រមាណជា ៣ពាន់លានដុល្លារ, នេះបើយោងតាមក្រសួងទេសចរណ៍។

ដើម្បីសំដៅស្ដារវិស័យទេសចរណ៍របស់កម្ពុជា ឲ្យបានឆាប់រហ័ស បញ្ចៀសការបិទទ្វាររបស់ម្ចាស់អាជីវកម្មទេសចរណ៍នានា ហើយក៏ស្របទៅនឹងផែនការរបស់ រាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខនេះ នឹងអនុញ្ញាតឲ្យទេសចរដែលចាក់វ៉ាក់សាំងរួច អាចមកទស្សនានៅប្រទេសកម្ពុជាបាននៅពេលខាងមុខនេះ ដែលជាផែនកការស្ដារ និងបើកសេដ្ឋកិច្ចជាតិទ្បើងវិញផងដែរ៕

(អត្ថបទ៖ សុភ័ក្រ្ត)