(ស៉ីដនី)៖ ហាងកាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅក្នុងទីក្រុងស៊ីដនី (Sydney) នៃរដ្ឋញូសោតវែលស៍ (New South Wales) ប្រទេសអូស្រ្តលី នៅថ្ងៃចន្ទនេះបានបើកទទួលស្វាគមន៍អតិថិជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ឡើងវិញហើយ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ៤ខែ ខណៈប្រទេសនេះមានបំណងចាប់ផ្តើមរស់នៅ ជាមួយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ តាមរយៈអត្រាចាក់វ៉ាក់សាំងកម្រិតខ្ពស់ និងដើម្បីបើកប្រទេសឡើងវិញបន្តិចម្តងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ហាងស្រាមួយចំនួននៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតរបស់ប្រទេសអូស្រ្តាលី ក៏បានបើកទ្វារឡើងវិញនៅវេលាម៉ោង ១២៖០១កណ្ដាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ផងដែរនៅថ្ងៃចន្ទនេះ ខណៈមិត្តភក្តិ និងក្រុមគ្រួសារអាចជួបជុំគ្នាផឹកស្រាបាន ទាំងកណ្តាលអធ្រាត្រ។ នៅក្រោមច្បាប់បន្ធូរបន្ថយវិធានការនេះ អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញចំនួន ១០នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះបាន ខណៈ ១០០នាក់អាចចូលរួមពិធីមង្គលការ និងពិធីបុណ្យសពបាន។ ប៉ុន្តែអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវតែនៅក្នុងផ្ទះរហូតដល់ថ្ងៃទី០១ ខែធ្នូ។

លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) អភិបាលរដ្ឋ New South Wales បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិ ABC ថា «ពិតជាមានភាពរំជើបរំជួលជាច្រើន ជុំវិញការបើកឡើងវិញនេះ ប៉ុន្តែវាពិតជាត្រូវតែធ្វើឱ្យប្រាកដថា យើងបន្តមើលថែគ្នាទៅវិញទៅមក ដោយព្រមានពីការឆ្លងនឹងកើនឡើង បន្ទាប់ពីការបើកទ្វារឡើងវិញនេះ»។ លោក Dominic Perrottet បានគូសបញ្ជាក់ប្រាប់បន្ថែមថា «នេះគឺជាភាពជោគជ័យរបស់យើងមួយ ដែលមនុស្សគ្រប់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានការចាក់វ៉ាក់សាំង»

គួរបញ្ជាក់ថា ប្រជាជនជាង ៥លាននាក់នៅក្នុងទីក្រុងស៊ីដនី បានជាប់គាំងនៅក្នុងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីខែមិថុនាមកម៉្លេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងបានឆ្លងរីករាលដាលដល់ទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ (Victoria) និងរដ្ឋធានីកង់បេរ៉ា (Canberra) ផងដែរ ដោយបង្ខំឱ្យមានការដាក់ចេញនូវវិធានការបិទខ្ទប់នៅទីនោះ។ គិតត្រឹមចុងសប្តាហ៍មុន អូស្ត្រាលីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៣០.៥លានដូស ក្នុងនោះប្រជាជន ១២.៩លាននាក់ (៥០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ ទោះជាយ៉ាងណា បើគិតពីអត្រាមនុស្សពេញវ័យ ដែលស្ថិតក្នុងគោលដៅនៃការចាក់វ៉ាក់សាំងវិញនោះ អូស្ត្រាលីសម្រេចបានរហូតដល់ទៅជិត ៩០%ឯណោះ៕